រដ្ឋបាលលោក ត្រាំ គ្រោង​ដាក់ចេញវិធានការបន្ធូរ​បន្ថយពន្ធលើការនាំចូលរថយន្តវិញ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែមេសា បានបង្ហាញឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសពីគោលនយោបាយថ្មី ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធគយដែលបានដាក់លើការនាំចូលរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ប្រធានាធិបតី លោក ត្រាំ បានកសាងភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអាមេរិក និងកម្មករអាមេរិក។ កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី ដោយផ្តល់រង្វាន់ដល់ក្រុមហ៊ុនអាមេរិក ខណៈវាកាន់តែធ្វើឲ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុននានា ក្នុងការប្តេជ្ញាចិត្តក្នុងការវិនិយោគ និងពង្រីកផលិតកម្មនៅសហរដ្ឋអាមេរិកបន្ថែម” ។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ពី ​​WSJ បានបង្ហាញឲ្យដឹងថា ជុំវិញវិធានការថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តដែលបានបង់ពន្ធរួចលើការនាំចូលរថយន្ត នឹងមិនត្រូវបង់ពន្ធបន្ថែមដូចជាពន្ធលើដែក និងអាលុយមីញ៉ូមនោះទេ។ ប្រសិនបើពន្ធទាំងនោះត្រូវបានបង់រួច ពួកគេនឹងត្រូវបានសងប្រាក់វិញ។ ពន្ធនាំចូល ២៥% លើរថយន្ត និងរថយន្តធុនស្រាលដែលចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ត្រូវបានចូលជាធរមាននៅដើមខែនេះ។ ទន្ទឹមនឹងនេះ ពន្ធលើដែកថែប និងអាលុយមីញ៉ូម ត្រូវបានដាក់នៅក្នុងខែមីនា។

មិនតែប៉ុណ្ណោះ រដ្ឋបាលលោក ត្រាំ ក៏កំពុងផ្លាស់ប្តូរពន្ធនាំចូលលើគ្រឿងបន្លាស់រថយន្តផងដែរ។ ពន្ធនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី៣ ខែឧសភាក្នុងអត្រា ២៥% ។ ដូច្នោះហើយ ក្នុងឆ្នាំដំបូង ក្រុមហ៊ុននានានឹងត្រូវសងវិញនូវពន្ធដែលស្មើនឹង ៣,៧៥% នៃតម្លៃរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក។ អត្រាសងប្រាក់សម្រាប់ឆ្នាំទីពីរ នឹងមាន ២,៥% ហើយក្រោយមកទៀតនិងមិនមាននោះឡើយ។

គួរជម្រាបជូនផងដែរថា នេះគឺជាវិធានការចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការបន្ទន់ឥទ្ធិពលលើពន្ធនាំចូលរបស់ខ្លួន។ គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ នាពេលថ្មីៗនេះបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានការរង្គោះរង្គើខ្លាំង ធ្វើឲ្យប្រតិបត្តិការអាជីវកម្មមានអស្ថិរភាព និងបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ផងដែរ៕