ចិន បង្ហើបថាសហរដ្ឋអាមេរិកបានទាក់ទងមកដើម្បីស្នើសុំចរចារឿងពន្ធគយ

អន្តរជាតិ

យោងតាមក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកធ្លាប់ទាក់ទងមកដើម្បីចង់ចរចា ប៉ុន្តែបានព្រមានទៅកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឲ្យលុបចោលពន្ធគយ និងកុំព្យាយាមប្រើប្រាស់ការសន្ទនា ដើម្បីជាដាក់សម្ពាធបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃទី២ ខែឧសភាថា សហរដ្ឋអាមេរិក បានទាក់ទងមកប្រទេសចិនដើម្បីស្វែងរកការពិភាក្សាអំពីពន្ធគយ ១៤៥% ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ។ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បាននិយាយផងដែរថា ខ្លួនបើកចំហសម្រាប់ការសន្ទនាជានិច្ច ខណ:ពេលដែលសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេសទាំងពីរកំពុងបន្តអូសបន្លាយ។

ប៉ុន្តែ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវចាត់វិធានការដើម្បីកែតម្រូវ “សកម្មភាពខុស” របស់ខ្លួន និងលុបចោលការដាក់ពន្ធគយដោយឯកតោភាគី ជាមុនសិន។ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែបង្ហាញ “ភាពស្មោះត្រង់” នៅក្នុងការចរចា។ ក្រសួងបាននិយាយទៀតថា “ការប្រើការសន្ទនាជាលេសដើម្បីបង្ខំអ្វីៗ នោះវានឹងមិនដំណើរការទេ” ។

គួរឲ្យដឹងថា ចិនបានតវ៉ាម្តងហើយម្តងទៀតប្រឆាំងនឹងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដោយនិយាយថាពួកគេកំពុងសម្លុត និងមិនអាចបង្អាក់ដំណើររបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបាននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិន ក៏បានព្យាយាមបន្ទន់ផលប៉ះពាល់នៃពន្ធនាំចូលរបស់ខ្លួនផងដែរ ដោយបានដាក់វិធានការស្ងាត់ៗ ក្នុងការបង្កើតបញ្ជីផលិតផលអាមេរិកមួយ ដែលនឹងត្រូវបានលើកលែងពីពន្ធសងសឹក ១២៥% របស់ខ្លួន ដូចជាឱសថ មីក្រូឈីប និងម៉ាស៊ីនយន្តហោះ ជាដើម។

ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ត្រាំ បាននិយាយនៅថ្ងៃទី១ ខែឧសភា ដោយជឿជាក់ថាវាមាន “ឱកាសដ៏អស្ចារ្យ” ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហាពន្ធគយជាមួយប្រទេសចិន។ ហើយជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជំរុញឱ្យមន្ត្រីចិន សម្របខ្លួនយ៉ាងសកម្មទៅនឹងទិដ្ឋភាពអន្តរជាតិដែលកំពុងផ្លាស់ប្តូរ ដោយមិននិយាយដោយផ្ទាល់ពីសហរដ្ឋអាមេរិកនោះឡើយ៕