ឡាវ វ៉ាដាច់វៀតណាម ក្លាយជាប្រទេសនាំចេញកាហ្វេច្រើនបំផុតទៅកាន់ថៃ

អន្តរជាតិ

វៀតណាម បានបាត់បង់តំណែងកំពូលរបស់ខ្លួន បន្ទាប់ពីឡាវ បានដណ្តើមយកតំណែងក្នុងនាមជាអ្នកផ្គត់ផ្គង់កាហ្វេធំជាងគេបំផុត ទៅកាន់ប្រទេសថៃ នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ប្រទេសថៃបាននាំចូលកាហ្វេពី ១៨ ប្រទេស និងដែនដី ជុំវិញពិភពលោក។ ក្នុង​នោះ ឡាវ​ជា​អ្នក​ផ្គត់​ផ្គង់​កាហ្វេ​ធំ​ជាង​គេ​ទៅ​ប្រទេស​ថៃ​ ជាមួយចំនួនសរុប ៣ ៤៦០ តោន ដែល​មាន​តម្លៃ ១៣,៤លាន​ដុល្លារ។ កម្រិតនេះបានកើនឡើង ១៦,២% គិតនៅក្នុងបរិមាណ និង ៤៨,៥% គិតជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ដោយសារការកើនឡើងនៃតម្រូវការកាហ្វេដោយជនជាតិថៃ ចំណែកទីផ្សារកាហ្វេរបស់ឡាវ នៅក្នុងការនាំចូលសរុបនៅក្នុងទីផ្សារនេះ បានកើនឡើងពី ៤២,២២% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំមុន ដល់ ៦១,៧៤% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំនេះ។

ក្រៅពីឡាវ ថៃក៏បានបង្កើនការនាំចូលកាហ្វេពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រេស៊ីល ផងដែរ។

ផ្ទុយ​ទៅ​វិញ វៀតណាម​ ដែលធ្លាប់តែគ្រងតំណែងលេខ១ បាន​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​កាហ្វេ​ធំ​លំដាប់ទី​ពីរ​ សម្រាប់​ប្រទេស​ថៃវិញ។ ជាក់ស្តែងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ប្រទេសថៃបាននាំចូលកាហ្វេពីប្រទេសវៀតណាមចំនួន ១ ៣៦០ តោន ដែលមានតម្លៃ ៧,៤៣លានដុល្លារ។ តួលេខនេះបានថយចុះចំនួន ៦៤,៧% ក្នុងបរិមាណ និង ៣៥,៦% គិតជាតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាលទ្ធផលចំណែកទីផ្សារកាហ្វេរបស់វៀតណាម ក្នុងការនាំចូលសរុបទៅកាន់ប្រទេសថៃ បានថយចុះពី ៥៤,៥៤% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ មកនៅត្រឹម ២៤,២៤% ក្នុងរយ:ពេលដូចគ្នា នៅឆ្នាំនេះ៕