វៀតណាម បានចំណាយទឹកប្រាក់ជាង ១,៨ពាន់លានដុល្លារ លើការនាំចូលធ្យូងថ្មប្រមាណ ១៧,២ លានតោន ក្នុងរយ:ពេល ៣ខែដំបូងនៃឆ្នាំនេះ ដោយភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់រោងចក្រថាមពលកំដៅរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចូលធ្យូងថ្ម ក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើង ១៦,៧% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែចំពោះតម្លៃវិញ បានធ្លាក់ចុះ ៧,៧% ដោយសារតែតម្លៃនាំចូលជាមធ្យមត្រឹមតែ ១០៥,១៨ដុល្លារ ក្នុងមួយតោន ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជាង ២០%។
គួរឲ្យដឹងផងដែរថា ឥណ្ឌូណេស៊ី បន្តជាអ្នកផ្គត់ផ្គង់ធ្យូងថ្មីធំជាងគេបំផុតដល់វៀតណាម នៅក្នុងចំនួន ៦,៩៨ លានតោន ឬស្មើជាង ៤០% នៃការនាំចូលសរុប នៅក្នុងត្រីមាសទីមួយនេះ។ អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ២ ដែលមានបរិមាណជាង ៥,៣៦ លានតោន ឬស្មើនឹង ៣១% នៃចំនួននាំចូលសរុប។
ទន្ទឹមនឹងនេះ រុស្ស៊ីជាដៃគូធំបំផុតទី៣ដែលផ្គត់ផ្គង់ធ្យូងថ្មសរុប ១,៤៤ លានតោន ដែលមានតម្លៃជាង២០៦ លានដុល្លារ។ ខណៈពេលដែលបរិមាណកើនឡើងបន្តិច តម្លៃវិញបានធ្លាក់ចុះជិត ២៨% មកត្រឹម ១៤២,៣ ដុល្លារ ក្នុងមួយតោន។
ជម្រាបជូនផងដែរថា ជុំវិញការថយចុះនៃតម្លៃ ប៉ុន្តែមានការកើនឡើងនៃបរិមាណនាំចូលនេះ បង្ហាញថា តម្រូវការប្រើប្រាស់ធ្យូងថ្មក្នុងស្រុក របស់វៀតណាម នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅក្នុងបរិបទដែលថាមពលដុតកំដៅ នៅតែមានចំណែកធំនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលជាតិ៕