លោក ត្រាំ ស្នើឲ្យកាត់បន្ថយតម្លៃថ្នាំពេទ្យ ៥៩% នៅអាមេរិក ដើម្បី​បញ្ចុះអតិផរណា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសប្តេជ្ញាចិត្តក្នុងការកាត់បន្ថយតម្លៃឱសថ ៥៩% ដើម្បីកាត់បន្ថយអតិផរណា បន្ទាប់ពីបានប្រកាសចេញគោលនយោបាយថ្មីមួយស្តីការកែប្រែឧស្សាហកម្មឱសថនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១២ ខែឧសភា លោក ត្រាំ បាននិយាយថា៖” តម្លៃថ្នាំពេទ្យនឹងធ្លាក់ចុះ ៥៩% ខណ:ប្រេងសាំង ថាមពល គ្រឿងទេស និងការចំណាយផ្សេងទៀត ក៏នឹងត្រូវធ្លាក់ចុះផងដែរ។ វានឹងគ្មានអតិផរណាទៀតនោះទេ”។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថាលោកមានគម្រោងក្នុងការចុះហត្ថលេខាលើបទបញ្ជាប្រតិបតិ្តមួយដែលនឹងទាមទារឲ្យក្រុមហ៊ុនឧស្សាហកម្មឱសថក្នុងស្រុក ធ្វើការទម្លាក់តម្លៃថ្នាំពេទ្យ ចន្លោះពី ៣០% ទៅ ៨០%។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា បទ​បញ្ជា​ថ្មីនេះ នឹងកំណត់ឲ្យក្រុមហ៊ុនផលិតឱសថ កំណត់គោលដៅទម្លាក់តម្លៃក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។ ​ហើយប្រសិនបើ​ក្រុមហ៊ុនទាំងនោះមិនអាចធ្វើបាននោះទេ វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ​ ដើម្បីបញ្ចុះតម្លៃ​។

ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយទៀតថា លោកមានគម្រោងបង្កើតគោលនយោបាយថ្មីមួយ ដែលនឹងធ្វើឲ្យពលរដ្ឋសប្បាយចិត្ត ដោយវានឹងរក្សាតម្លៃថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកឲ្យស្ថិតនៅកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត៕