ក្រុមហ៊ុនអាកាសចរណ៍ជាតិ Qatar Aiways កាលពីពេលថ្មីៗនេះ បានដាក់បញ្ជាទិញយន្តហោះចំនួន ១៦០ គ្រឿង នៅក្នុងតម្លៃប្រមាណជិត ១០០ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សេតវិមានបានប្រកាសថា ក្រុមហ៊ុន Qatar Airways បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 777X និង Boeing 787 ចំនួន ១៦០ គ្រឿង ដោយបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន GE Aerospace នៅក្នុងតម្លៃសរុបប្រមាណ ៩៦ពាន់លានដុល្លារ។ វាត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំបំផុតមួយ សម្រាប់លោក ត្រាំ នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ានេះ បើទោះបីជាវានឹងត្រូវការរយ:ពេលជាច្រើនឆ្នាំ មុនពេលយន្តហោះទាំងនេះ ត្រូវបានដឹកជញ្ជូនដល់ដៃអតិថិជន ក៏ដោយ។
គួរឲ្យដឹងផងដែរថា លោក ត្រាំ និងព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al-Thani របស់ប្រទេសកាតា បានចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខារវាងនាយកប្រតិបត្តិ Boeing លោក Kelly Ortberg និងនាយកប្រតិបត្តិក្រុមហ៊ុន Qatar Airways លោក Badr Mohammed Al-Meer ។
ទន្ទឹមនឹងនេះ លោក Ortberg បាននិយាយថា នេះគឺជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Boeing។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលឈប់សំចតទីពីររបស់លោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាចំនួន៣ បន្ទាប់ពីលោកបានឈានដល់កិច្ចព្រមព្រៀងជាច្រើន ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ៕

