ឥណ្ឌា នៅតែចង់ជំរុញឲ្យមានការចរចាពាណិជ្ជកម្ម ទោះអាមេរិកដំឡើងពន្ធដល់ ៥០%

អន្តរជាតិ

ប្រទេសឥណ្ឌា បានបង្ហាញក្តីសង្ឃឹមថាកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងនៅតែបន្តទៅមុខទៀតបាន បើទោះបីជាប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចេញរបស់ខ្លួន ដល់ ៥០% ដោយសាតែការទិញប្រេងពីរុស្ស៊ី ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ត្រាំ បានដាក់ពន្ធបន្ថែម ២៥% លើទំនិញទូទៅរបស់ឥណ្ឌា ដោយសារតែការបន្តទិញចូលប្រេងពីរុស្ស៊ី របស់រដ្ឋាភិបាលទីក្រុងញូវដេលី ដែលនាំឲ្យពន្ធគយសរុបលើការនាំចេញទំនិញរបស់ឥណ្ឌា ទៅកាន់ទីផ្សារអាមេរិក កើនឡើងដល់ ៥០% ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលៗផ្សេងទៀត។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ សមាជិកសភាឥណ្ឌាម្នាក់ បាននិយាយថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងនៅតែបន្ត។ លោក ថែមទាំងបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនមានការផ្លាស់ប្តូរណាមួយ ក្នុងផែនការដែលមានស្រាប់ សម្រាប់កិច្ចចរចាជុទី៦ ជាមួយគណ:ប្រតិភូពាណិជ្ជកម្មអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ខាងមុខនោះឡើយ។

គួរឲ្យដឹងថា នៅមុននេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវ័យក្មេង លោក Pankaj Chaudhary បានប្រាប់សមាជិកសភាថា ប្រហែល ៥៥% នៃការនាំចេញទំនិញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក នឹងគ្របដណ្តប់ដោយពន្ធគយថ្មី។

ជម្រាបជូនថា ទំហំពាណិជ្ជកម្មទំនិញរវាងសហរដ្ឋអាមេរិក និងឥណ្ឌា មានតម្លៃប្រហែល ៨៧ពាន់លានដុល្លារ បើគិតនៅក្នុងឆ្នាំសារពើពន្ធចុងក្រោយ ។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលឥណ្ឌា៕​