យោងតាមទស្សនាវដ្តី Forbes បានបង្ហាញពីបញ្ជីឈ្មោះស្រ្តីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥ នៅក្នុងវិស័យអចលនទ្រព្យ ជាមូយនឹងការកាន់កាប់ទ្រព្យរួមគ្នាសរុបប្រមាណ ៣៩,១ពាន់លានដុល្លារ ហើយម្នាក់ៗ សុទ្ធសឹងតែរកស៊ីចេញពីបាតដៃទទេ។
លោកស្រី Kwong Siu-hing បច្ចុប្បន្នវ័យ ៩៥ឆ្នាំ គឺបុគ្គលដ៏លេចធ្លោបំផុតនៅក្នុងគ្រួសារត្រកូល Kwok ដែលគ្រប់គ្រងទៅលើក្រុមហ៊ុន Sun Hung Kai Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតក្នុងចំណោម៤ របស់ហុងកុង។ កើតនៅទីក្រុងក្វាងចូវក្នុងឆ្នាំ១៩២៩ លោកស្រី Siu-hing បានផ្លាស់ទៅរស់នៅទីក្រុងហុងកុងក្នុងឆ្នាំ១៩៤៧ ហើយបានរៀបការជាមួយមហាសេដ្ឋីលោក Kwok Tak-seng ដែលជាសហស្ថាបនិកម្នាក់របស់ Sun Hung Kai Properties។
លោកស្រី Kwong Siu-hing ត្រូវបានចាត់ទុកថាជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ហុងកុងដែលមានទ្រព្យសម្បត្តិសរុប ១២,៩ពាន់លានដុល្លារ។
ចំណែកឯលោកស្រី Zhu Yan និងគ្រួសារ ក៏ត្រូវបានចាត់ទុកថាបុគ្គលដ៏លេចធ្លោម្នាក់ នៅក្នុងវិស័យអចលនទ្រព្យផងដែរ ដោយកើតចេញពីការគ្រប់គ្រងទៅលើក្រុមហ៊ុន KE Holdings ដែលបង្កើតឡើងដោយប្តីចុងរបស់លោកស្រី ឈ្មោះ Zuo Hui។ ក្រោយស្វាមីទទួលមរណភាពទៅ លោកស្រី Zhu Yan ត្រូវបានរាយការណ៍ថាមានទ្រព្យសម្បត្តិប្រមាណ ៧,១ពាន់លានដុល្លារ ដោយប្រភពចំណូលភាគច្រើនទទួលបានពីការកាន់កាប់ភាគហ៊ុនភាគច្រើនរបស់ក្រមហ៊ុន។
ទន្ទឹមនឹងនេះ លោកស្រី Alexandra Schoerghuber បច្ចុប្បន្ន វ័យ ៦៦ គឺជាម្ចាស់ក្រុមហ៊ុន Schoerghuber Unternehmensgruppe ដែលជាក្រុមហ៊ុនវិនិយោគឯកជន មានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ ខណ:ពួកគេរកស៊ីលើអាជីវកម្មជាច្រើន រួមមានអចលនទ្រព្យ បដិសណ្ឋារកិច្ច ភេសជ្ជៈ និងអាហារសមុទ្រ ជាដើម។ បច្ចុប្បន្ន លោកស្រី Alexandra មានទ្រព្យសរុបប្រមាណ ៧ពាន់លានដុល្លារ។
ដោយឡែក លោកស្រី Wu Yajun ដែលមានវ័យ ៦១ឆ្នាំ ត្រូវបានចាត់ទុកថាមហាសេដ្ឋីស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក តាមរយ:ការរកស៊ី ចាប់តាំងពីបាតដៃទទេ។ លោកស្រី បានសហការបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Longfor Properties ក្នុងឆ្នាំ១៩៩៣ ជាមួយនឹងអតីតស្វាមីរបស់ខ្លួន គឺលោក Cai Kui ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោកស្រី ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦,៧ពាន់លានដុល្លារ ដែលភាគច្រើនទទួលបានពីភាគហ៊ុនក្រុមហ៊ុន។
ចុងក្រោយ គឺលោកស្រី Annette Lerner ដែលដំបូងឡើយចាយទុនត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ ទៅឲ្យប្តីរបស់លោកស្រី ដើម្បីចាប់ផ្តើមក្រុមហ៊ុន Lerner Enterprises ដែលជាអ្នកផ្តល់សេវាកម្មលក់ផ្ទះ រហូតក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំបំផុតមួយនៅក្នុងទីក្រុង Washington សហរដ្ឋអាមេរិក។ នៅក្នុងវ័យ ៩៥ឆ្នាំ លោកស្រី Lerner និងគ្រួសារ ត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបរហុតដល់ទៅ ៥,៧ពាន់លានដុល្លារ៕