យោងតាមសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក និងចិន អាចនឹងមានការពិភាក្សាគ្នាតាមរយ:ទូរស័ព្ទជាលើកដំបូង ក្នុងអំឡុងសប្តាហ៍នេះ ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅថ្ងៃទី២ ខែមិថុនាថា “មេដឹកនាំកំពូលរបស់ប្រទេសទាំងពីរទំនងជានឹងនិយាយគ្នានៅសប្តាហ៍នេះ” បន្ទាប់ពីត្រូវបានគេសួរអំពីលទ្ធភាពដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងមានការចរចាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ឬអត់។
លោកស្រី Leavitt ដែលជាជំនួយការជាន់ខ្ពស់ទីបីររបស់លោក ត្រាំ ក៏បានលើកឡើងពីលទ្ធភាពដែលមេដឹកនាំអាមេរិក និងចិន ហៀបនឹងជួបប្រជុំគ្នា ដើម្បីដោះស្រាយភាពខុសគ្នាទៅលើពន្ធគយ និងបញ្ហាពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក៏បាននិយាយបន្ថែមទៀត កាលពីចុងសប្តាហ៍មុនថា លោក ត្រាំ និងលោក ស៊ី អាចនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយភាពខុសគ្នាលើពន្ធគយ រួមទាំងបញ្ហារ៉ែ ផងដែរ។
គួរឲ្យដឹងថា មេដឹកនាំអាមេរិក និងចិន មិនទាន់មានការពិភាក្សាគ្នាណាមួយនៅឡើយនោះទេ ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចមក បើទោះបីជាប្រធានាធិបតីអាមេរិករូបនេះ តែងតែប្រកាសថា លោកនឹងមានការសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះជាមួយលោក ស៊ី ក៏ដោយ។
ជម្រាបជូនថា មន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិក និងចិនបានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមុន ហើយបានយល់ព្រមកាត់បន្ថយពន្ធនាំចូលយ៉ាងច្រើនលើគ្នាទៅវិញទៅមក ក្នុងរយៈពេល ៩០ថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានកើនឡើងសារជាថ្មីម្តងទៀត បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាមិនបានធ្វើតាមអ្វីដែលពួកគេបានព្រមព្រៀងគ្នា នៅទីក្រុងហ្សឺណែវឡើយ៕

