ជប៉ុន គ្រោងស្នើកិច្ចសហប្រតិបត្តិការលើធនធានរ៉ែកម្រ ជាផ្នែកនៃកិច្ចចរចាពន្ធគយជាមួយអាមេរិក

អន្តរជាតិ

យោងតាមសារព័ត៌មានក្នុងស្រុក Nikkei បានរាយការណ៍នៅថ្ងៃទី៥ ខែមិថុនានេះថា ប្រទេសជប៉ុន កំពុងគ្រោងនឹងស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែកម្រ ដើម្បីជាផ្នែកមួយនៃកិច្ចចរចាពន្ធគយជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សារព័ត៌មាន Jiji Press របស់ប្រទេសជប៉ុន ក៏បានរាយការណ៍ នៅមុននេះថា សហរដ្ឋអាមេរិក ក៏បានបង្ហាញពីភាពបត់បែនរបស់ខ្លួនបន្ថែមទៀត ​នៅក្នុងការកាត់បន្ថយពន្ធគយទៅវិញទៅមក ដែលបានដាក់លើប្រទេសជប៉ុននាពេលកន្លងមក ផងដែរ។

គួរឲ្យដឹងផងដែរថា ប្រធានាធិបតី លោក ដូណាល់​ ត្រាំ បានប្រកាសដាក់ពន្ធលើជប៉ុន ២៤% ប៉ុន្តែក្រោយមកលោកក៏សម្រេចចិត្តផ្អាកការយកពន្ធគយវិញ រហូតដល់ដើមខែកក្កដា ដើម្បីទុកពេលសម្រាប់ការចរចា ខណ:អត្រាពន្ធគយសកល ក្នុងពេលបច្ចុប្បន្ននេះ ចុះមកនៅត្រឹម ១០% ។

យ៉ាងណាមិញ ប្រធានអ្នកចរចារការដំឡើងពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចចរចាជុំទីប្រាំ ជាមួយភាគីសហរដ្ឋអាមេរិក ​ដោយក្នុងនោះលោកគ្រោងនឹងជួបជាមួយ រដ្ឋមន្ត្រីក្រសួងរតនាគារអាមមេរិក លោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផងដែរ។

នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ជប៉ុន គ្រោងនឹងស្នើកិច្ចសហប្រតិបត្តិការលើធនធានរ៉ែកម្រ ជាមួយសហរដ្ឋអាមេរិកបន្ថែមទៀត ចំពេលប្រទេសចិន កំពុងមានការរឹតបន្តឹងលើការនាំចេញធនធានរ៉ែកម្រៗ របស់ខ្លួន។

ជម្រាបជូនផងដែរថា ប្រទេសជប៉ុន បាននឹងកំពុងជំរុញឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវគោលនយោបាយពន្ធរបស់ខ្លួន រួមទាំងការយកពន្ធនាំចូល ២៥% លើយានយន្តដែលផលិតដោយប្រទេសជប៉ុន ខណ:រថយន្ត គឺជាឧស្សាហកម្មដ៏ធំបំផុត របស់ប្រទេសជប៉ុន៕