Meta Platforms ដែលជាក្រុមហ៊ុនមេរបស់បណ្តាសង្គម Facebook ថ្មីៗនេះ កំពុងស្ថិតនៅក្នុងការពិចារណា ដើម្បីបោះទុនវិនិយោគទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ទៅក្នុង Scale AI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបង្កើតឡើងដោយមហាសេដ្ឋីវ័យក្មេងបំផុតមួយរបស់ពិភពលោក Alexandr Wang ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា លក្ខខណ្ឌផ្សេងៗនៃកិច្ចព្រមព្រៀងទាំងនេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេ ហើយអ្វីៗនៅតែអាចមានការផ្លាស់ប្តូរ។
គួរឲ្យដឹងថា Scale AI ត្រូវបានបង្កើតឡើងដំបូងដោយលោក Alexandr Wang នៅក្នុងឆ្នាំ២០១៦។ ក្រុមហ៊ុនផ្តល់សេវា Data Labeling ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Nvidia , Amazon និង Meta ជាដើម។
មិនតែប៉ុណ្ណោះ Sacle AI ក៏បានផ្តល់មកនូវវេទិកាសម្រាប់អ្នកស្រាវជ្រាវ ដើម្បីផ្លាស់ប្តូរព័ត៌មានទាក់ទងទៅនឹងបច្ចេកវិទ្យា AI ផងដែរ ដោយមានអ្នកចូលរួមចំណែកមកពីទីក្រុង និងទីប្រជុំជនជាង ៩ ០០០ កន្លែង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា Scale AI ត្រូវបានគេវាយតម្លៃចុងក្រោយថា មានតម្លៃមូលធនទីផ្សារជិត ១៤ពាន់លានដុល្លារ។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាចរកប្រាក់ចំណូលបានប្រមាណ ៨៧០លានដុល្លារ ខណ:ឆ្នាំនេះ រំពឹងថានឹងបន្តកើនឡើងដល់ ២ពាន់លានដុល្លារ៕