យោងតាមការិយាល័យស្ថិតិជាតិ Destatis បានរាយការណ៍ថានៅថ្ងៃទី១១ ខែមិថុនានេះថា ការនាំចូលទំនិញរបស់ប្រទេសអាល្លឺម៉ង់ពីរុស្ស៊ី បានធ្លាក់ចុះអស់ប្រមាណ ៩៥% នៅចន្លោះឆ្នាំ២០២១-២០២៤ ខណ:ពេលដែលការនាំចេញទំនិញរបស់អាល្លឺម៉ង់ ទៅកាន់រុស្ស៊ី ក៏បានធ្លាក់ចុះអស់ ៧២% ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា សហភាពអឺរ៉ុបទាំងមូល បានកាត់បន្ថយការនាំចូលទំនិញរបស់ខ្លួន ពីប្រទេសរុស្ស៊ីចំនួន ៧៨% និងការនាំចេញចំនួន ៦៥% ក្នុងរយ:ពេលដូចគ្នា ដែលនាំឲ្យមានឱនភាពពាណិជ្ជកម្មចំនួន ៤,៥ពាន់លានអឺរ៉ូ (៥,១ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ បើធៀបនឹងឱនភាពពាណិជ្ជកម្ម ១៤៧,៥ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២២។
ការិយាល័យ Destatis បានបង្ហាញនៅក្នុងរបាយការណ៍មួយរបស់ខ្លួនថា ហេតុផលចម្បងដែលនាំឲ្យបន្តមានអតិរេកលើការនាំចូលទំនិញ នៅឆ្នាំ២០២៤ គឺកើតឡើងដោយសារសហភាពអឺរ៉ុប បានបន្តការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ក្នុងកម្រិតដ៏ច្រើនបំផុតមួយ។
គួរឲ្យដឹងផងដែរថា ទោះបីជារដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចៀសផុតពីការដាក់ពន្ធគយដ៏ច្រើនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការដាក់ទណ្ឌកម្ម ជុំវិញសង្រ្គាមដែលកំពុងនៅតែបន្តក្នុងប្រទេសអ៊ុយក្រែន។
ជម្រាបជូនផងដែរថា យោងតាមគណៈកម្មការអឺរ៉ុប ក្នុងឆ្នាំ២០២០ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង ៣៦,៥% នៃការនាំចូលសរុប និង ៣៧,៩% នៃការនាំចេញទំនិញសរុបរបស់ខ្លួន៕