ក្រុមហ៊ុន Foxconn បង្វែរការនាំចេញ iPhone ពីឥណ្ឌាទៅអាមេរិក ស្ទើតែ ១០០%

អន្តរជាតិ

យោងតាមទិន្នន័យគយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Foxconn បាននាំចេញពីទូរស័ព្ទ iPhone ស្ទើតែទាំងស្រុងពីឥណ្ឌា ទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅចន្លោះខែមីនា ដល់ឧសភា ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ Apple ដើម្បីគេចវេសពីពន្ធគយអាមេរិក ដែលដាក់លើទំនិញរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងខែមីនា ដល់ខែឧសភា ក្រុមហ៊ុន Foxconn បាននាំចេញទូរស័ព្ទ iPhone មានតម្លៃ ៣,២ពាន់លានដុល្លារ ឬស្មើទៅនឹង ៩៧% ពីប្រទេសឥណ្ឌា ទៅកាន់សហរដ្ឋអាមេរិក។ តួលេខនេះគឺបានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹង២០២៤ ដែលជាមធ្យម ការនាំចេញពីឥណ្ឌា ទៅសហរដ្ឋអាមេរិក មានចំនួនត្រឹម ៥០,៣% ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple បាននឹងកំពុងចាត់វិធានការដើម្បីបង្កើនល្បឿនផលិតកម្ម នៅក្នុងប្រទេសឥណ្ឌា ដើម្បីគេចពីពន្ធគយដែលសហរដ្ឋអាមេរិក ដាក់លើទំនិញរបស់ប្រទេសចិន ដោយសារតែវានឹងធ្វើឲ្យទូរស័ព្ទ iPhone មានតម្លៃថ្លៃជាង។

ជម្រាបជូនថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ Foxconn បានដឹកជញ្ជូនទូរស័ព្ទ iPhone ដែលមានតម្លៃ ៤,៤ពាន់លានដុល្លារ ទៅសហរដ្ឋអាមេរិករួចហើយពីប្រទេសឥណ្ឌា ធៀបនឹងតម្លៃ ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤៕