ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះ Thai Smile ប្រកាសបិទទ្វារ ក្រោយទប់ការខាតបង់លែងជាប់

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai Smile Airways ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Thai Airways International (THAI) បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង បន្ទាប់ពីរងការខាតបង់ជាបន្តបន្ទាប់ អស់រយ:ពេលជាង ១០ឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Thai Airways បានបញ្ជាក់ទៀតថា ដំណើរការផ្លូវច្បាប់ក្នុងការបិទអាជីវកម្មរបស់ក្រុមហ៊ុន Thai Smile Airways ដែលខ្លួនកាន់កាប់ភាគហ៊ុនសរុប ៩៩,៩៩% នោះ ត្រូវបានបញ្ចប់ទៅ ជាមួយនឹងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ (DBD) ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។ ហើយការបិទទ្វារក្រុមហ៊ុន Thai Smile នេះ ក៏ត្រូវបានប្រកាសជាផ្លូវការទៅកាន់ទីផ្សារហ៊ុនថៃ (SET) ផងដែរ។

គួរឲ្យដឹងផងដែរថា ដោយបានបើកដំណើរការក្នុងឆ្នាំ២០១៣ Thai Smile ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Thai Airways ដើម្បីផ្តល់ជូនមកនូវក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Thai Smile បានរងនូវការខាតបង់អស់ច្រើនជាង ២០,៩ពាន់លានបាត ដោយសារតែប្រកួតប្រជែងខ្លាំង និងការធ្លាក់ចុះនៃចំនួនភ្ញៀវ​ទេសចរ។

ជម្រាបជូនផងដែរថា យោងតាមរបាយការណ៍ពី Travel Trade Journal បានបង្ហាញឲ្យដឹងថា ការខាតបង់ធំបំផុតរបស់ Thai Smile រួមមាន ក្នុងឆ្នាំ២០១៦ ខាតបង់អស់ប្រមាណ ២,០៨ពាន់បាត នៅក្នុងឆ្នាំ២០២០ ខាតបង់អស់ ៣,២៧ពាន់លានបាត និងក្នុងឆ្នាំ២០២២ ខាតបង់អស់ ៤,២៥ពាន់លានបាត៕ ​