លោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G7 មុនគេ ដោយសារស្ថានការណ៍នៅមជ្ឈិម​បូព៌ា​ឡើងកម្តៅខ្លាំង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំកំពូលរបស់ក្រុម G7 ក្នុងប្រទេសកាណាដា មុនកាលកំណត់មួយថ្ងៃ ហើយវិលត្រលប់ទៅកាន់សសហរដ្ឋអាមេរិកវិញ ដោយសារតែការវិវត្តស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែអាក្រក់ទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានសរសេរនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនាថា “ប្រធានាធិបតីលោក ត្រាំ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅក្នុងកិច្ចប្រជុំ G7 រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយចក្រភពអង់គ្លេស និងនាយករដ្ឋមន្រ្តី លោក Keir Starmer ថែមទៀតផង។ ប៉ុន្តែដោយសារតែស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំង ដូច្នេះបានធ្វើឲ្យលោកប្រធានាធិបតី ត្រូវចាកចេញទាំងយប់ បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំកំពូលៗនៃក្រុមប្រទេស G7″។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា​លោក Mark Carney ថា ៖” ខ្ញុំចាំបាច់ត្រូវតែត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ វាជារឿងចាំបាច់ខ្លាំងណាស់។ ហើយខ្ញុំត្រូវតែត្រលប់ទៅកាន់វិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ត្រូវជួបប្រជុំគ្នា ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេសកាណាដា។

ជម្រាបជូនផងដែរថា មុនពេលសេតវិមានធ្វើសេចក្តីប្រកាសនោះ លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយអំពាវនាវឲ្យប្រជាជនទាំងអស់នៅទីក្រុង Tehran ជម្លៀសខ្លួនចេញជាបន្ទាន់ ខណ:ពេលដែលស្ថានការណ៍ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែកើនឡើងកម្តៅខ្លាំង៕