យោងតាមរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិន បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសរបស់ខ្លួន ជាមួយអាស៊ាន បានកើនឡើងយ៉ាងខ្លាំង ក្នុងរយ:ពេល ៥ខែដំបូង ឆ្នាំ២០២៥ នេះ ឬស្មើទៅនឹង ១៦,៨% នៃពាណិជ្ជកម្មបរទេសសរុប ដែលធ្វើឲ្យប្លុកនេះ ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ចាប់ពីខែមករា ដល់ខែឧសភា ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន បានឈានដល់ ៣,០២ទ្រីលានយ៉ន់ (ឬស្មើ ៤២០,៥ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៩,១% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យអាស៊ាន នាំមុខទៅលើសហភាពអឺរ៉ុប ដែលជាប់ចំណាត់ថ្នាក់លេខ២ និងសហរដ្ឋអាមេរិក លេខ៣ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។
យ៉ាងណាមិញ សម្រាប់ពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន ក្នុងអំឡុងពេល ៥ខែកន្លងមកនេះ មានចំនួនសរុប ១៧,៩៤ទ្រីលានយ៉ន់ កើនឡើង ២,៥% ធៀបនឹងឆ្នាំមុន។ ការនាំចេញបានកើនឡើង ៧,២% ដល់ ១០,៦៧ទ្រីលានយ៉ន់ ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ ៣,៨% មកនៅត្រឹម ៧,២៧ទ្រីលានយ៉ន់។
ជម្រាបជូនផងដែរថា ទិន្នន័យចុងក្រោយនេះ បានឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងនៃសេដ្ឋកិច្ចជាបន្តរបស់ប្រទេសចិន និងភាពធន់នៃវិស័យពាណិជ្ជកម្មបរទេសរបស់ខ្លួន។ កំណើនពាណិជ្ជកម្មរបស់ចិន ហាក់មាននិរន្តរភាព ជាពិសេសបន្ទាប់ពីមានការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់ ជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមក៕