យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីស្រាអែល បានឈានដល់ការយល់ព្រមចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់បទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះ សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការដកការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋាភិបាលទីក្រុង Tehran ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយថា ៖”អ៊ីស្រាអែល អរគុណដល់ប្រធានាធិបតី លោក ត្រាំ និងសហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររបស់ពួកគេ នៅក្នុងវិស័យការពារជាតិ និងការចូលរួមរបស់ពួកគេ ក្នុងការលុបបំបាត់នូវការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់”។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថា ៖”ដោយមើលឃើញពីការសម្រេចបាននូវគោលដៅនៃប្រតិបត្តិការនេះ និងនៅក្នុងការសម្របសម្រួលពេញលេញជាមួយ លោក ត្រាំ អ៊ីស្រាអែលបានយល់ព្រមចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក សម្រាប់បទឈប់បាញ់គ្នាទៅវិញទៅមក” ។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បាននិយាយ នៅថ្ងៃអង្គារនេះថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឥឡូវនេះបានប្រព្រឹត្តទៅហើយ ហើយបានស្នើឲ្យប្រទេសទាំងពីរកុំបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ជម្រាបជូនផងដែរថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានធ្វើសង្រ្គាមផ្លូវអាកាសដាក់គ្នាអស់រយៈពេល ១២ថ្ងៃ ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា មក ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធាសំខាន់ៗជាច្រើន៕