មេធំធនាគារកណ្តាលអាមេរិក ថាមិនប្រញាប់កាត់បន្ថយអត្រាការប្រាក់ទេ ទោះ ត្រាំ គម្រាមដកតំណែង

អន្តរជាតិ

ប្រធានាធនាគារកណ្តាលអាមេរិក (FED) លោក Jerome Powell បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ហានិភ័យនៃអតិផរណាដែលអាចកើនឡើង ក្នុងរដូវក្តៅនេះ ធ្វើឲ្យធនាគារកណ្តាលអាមេរិក មិនទាន់ត្រៀមខ្លួនរួចជាស្រេច ក្នុងការកាត់បន្ថយអត្រាការប្រាក់ននោះឡើយ បើទោះបីជាមានការជំរុញ ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៤ ខែមិថុនា ក្នុងអំឡុងពេលសវនាការមួយ នៅចំពោះមុខគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុនៃសភាតំណាងសហរដ្ឋអាមេរិក ប្រធានធនាគារកណ្តាល លោក Powell ត្រូវបានសួរដេញដោល ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ អំពីមូលហេតុដែល FED មិនទាន់ព្រមកាត់បន្ថយអត្រាការប្រាក់ ដូចដែលប្រធានាធិបតី លោក ត្រាំ បានស្នើសុំ។ ក្នុងអំឡុងពេលនោះ លោក Powell បានពន្យល់ថាលោក រួមទាំងមន្រ្តីរបស់ Fed ជាច្រើនបានព្យាករថា អតិផរណានឹងកើនឡើងម្តងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Powell បាននិយាយថាលោក ក៏នៅតែមិនទាន់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាត់បន្ថយអត្រាការប្រាក់ សម្រាប់កិច្ចប្រជុំថ្មីមួយដែលនឹងត្រូវធ្វើឡើងនាខែកក្កដា ដូចដែលសហការីមួយចំនួនរបស់លោក បានរំពឹងទុក នោះឡើយ។​

លោក Powell បានបញ្ជាក់ថា ៖” ខ្ញុំមិនចង់បង្ហាញថាកិច្ចប្រជុំមួយណា ដែលយើងនឹងត្រូវធ្វើការកាត់បន្ថយអត្រាការប្រាក់នោះទេ។ បច្ចុប្បន្ន យើងមិនប្រញាប់នោះឡើយ”។ លោកបានសង្កត់ធ្ងន់ទៀតថា ទីផ្សារការងារ នៅតែមានរឹងមាំ ហើយយផលប៉ះពាល់នៃពន្ធគយ នៅតែរក្សាភាពមិនច្បាស់លាស់ចំពោះសេដ្ឋកិច្ចដដែល។

ជម្រាបជូនផងដែរថា ប្រធានាធិបតី លោក ត្រាំ បានជំរុញម្តងហើយម្តងទៀតឲ្យធនាគារកណ្តាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃទី២៣ ខែមិថុនា លោក​ ត្រាំ ក៏បានអំពាវនាវជាថ្មីម្តងទៀតឲ្យ Fed កាត់បន្ថយអត្រាការប្រាក់ ក្នុងកម្រិតពិន្ទុបន្ថែម ២-៣% ដោយសារតែលោកមើលមិនឃើញថាសហរដ្ឋអាមេរិកមានអតិផរណានោះឡើយ។ ហើយមិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានបន្តរិះគន់ចំៗទៅលើលោក Jerome Powell ថាជាមនុស្សរឹងរូស និង​គំរាម​ប្តូរចិត្ត ដកតំណែងរបស់លោកថែមទៀតផង៕