ជម្លោះរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីមានដាច់គេលើលោក Elon Musk ហាក់កំពុងផ្ទុះឡើងសារជាថ្មីម្តងទៀតហើយ បន្ទាប់ពីលោក ត្រាំ បាននិយាយថាកន្លងមកក្រុមហ៊ុនរបស់លោក Musk ទទួលបានការឧបត្ថម្ភធនយ៉ាងច្រើនពីរដ្ឋាភិបាល ដូច្នេះហើយវាគួរតែដល់ពេលត្រូវកាត់បន្ថយវិញហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Post។
ជុំវិញភាពតានតឹងរវាងលោក ត្រាំ និងអតីតដៃគូដែលធ្លាប់មានមានភាពជិតស្និទ្ធជាមួយគ្នាខ្លាំង បានផ្ទុះឡើងសារជាថ្មី ពោលគឺបន្ទាប់ពីលោក Musk បានបន្តរិះគន់ទៅលើច្បាប់រដ្ឋបាលរបស់លោក ត្រាំ ជុំវិញការកាត់បន្ថយពន្ធ និងផែនការចំណាយដ៏ច្រើនលើសលប់ ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃអង្គារកន្លងទៅ។
យ៉ាងណាមិញ កន្លងមក លោក Musk បានបង្ហោះសារមួយ នៅលើបណ្តាញសង្គម X របស់ខ្លួន ពីចេតនាក្នុងការបង្កើតគណបក្សថ្មី ឈ្មោះថា America Part ប្រសិនបើផែនការចំណាយដ៏ធំនេះ ត្រូវបានអនុម័តនោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានបង្ហាះសារវាយប្រហារតបតទៅកាន់ អតីតប្រធានការិយាល័យសម្រាប់ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅលើបណ្តាញសង្គម Truth Social របស់ខ្លួនវិញ នៅត្រឹមប៉ុន្មានម៉ោងក្រោយមក។
ទន្ទឹមនឹងនេះ លោក ត្រាំ បានសរសេរថា ៖”Elon ប្រហែលជាមានការឧបត្ថម្ភធនច្រើនជាងអ្នកណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ បើគ្មានជំនួសនេះទេ Elon នឹងឈប់រកស៊ី ហើយត្រលប់ទៅអាហ្វ្រិកខាងត្បូងវិញ។ គ្មានការបាញ់បង្ហោះរ៉ុក្កែត ផ្កាយរណប ឬរថយន្តអគ្គិសនីទៀតទេ ហើយអាមេរិក នឹងសន្សំបានលុយជាច្រើន។ យើងគួរតែឲ្យ DOGE ពិនិត្យមើលឲ្យបានល្អចំពោះការឧបត្ថម្ភធនទាំងនេះ ព្រោះវានឹងជួយសន្សំសំចៃបានច្រើនណាស់”។
រម្លឹកផងដែរថា លោក ត្រាំ ក៏ធ្លាប់បានគំរាមផ្តាច់រាល់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនរបស់លោក Musk រួចម្តងហើយ បន្ទាប់ពិទំនាក់ទំនងរវាងអ្នកទាំងពីរបានបែកបាក់គ្នា កាលពីដើមខែមិថុនា ដោយជម្លោះត្រូវបានចាប់ផ្តើមឡើងពីការរិះគន់យ៉ាងចាស់ដៃរបស់លោក Musk ទៅលើផែនការចំណាយចំណាយដ៏ច្រើនរបស់រដ្ឋាភិបាល និងទៅលើប្រធានាធិបតីអាមេរិកផ្ទាល់។
ជម្រាបជូនថា យោងតាមរបាយការណ៍ពី Washington Post បានបង្ហាញថា លោក Musk និងក្រុមហ៊ុនរបស់គាត់ បានទទួលយ៉ាងហោចណាស់ ៣៨ពាន់លានដុល្លារពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈកិច្ចសន្យា ប្រាក់កម្ចី ជំនួយ និងការលើកទឹកចិត្តពន្ធក្នុងរយៈពេលជាច្រើនឆ្នាំ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញឲ្យរូបលោក ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ជាពេលបច្ចុប្បន្ននេះ៕