អាមេរិក​ ប្រកាសផ្អាកផ្តល់ជំនួយសព្វាវុធសំខាន់ៗមួយចំនួន​ ទៅកាន់អ៊ុយក្រែន​

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ​ បានប្រកាសផ្អាកផ្តល់ជំនួយជាសព្វាវុធសំខាន់ៗមួយចំនួនដល់អ៊ុយក្រែន​ ដោយក្នុងនោះរួមរួម​ទាំង​កាំជ្រួច Patriot និង​សព្វាវុធ​សម្រាប់​យន្តហោះ F-16 ដោយ​សារ​ព្រួយបារម្ភអំពីការថយចុះនៃកម្រិតស្តុកទុកអាវុធនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេតវិមាន បាននិយាយកាលពីថ្ងៃទី១ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងផ្អាករាល់ការផ្តល់សព្វាវុធមួយចំនួនដែលបានសន្យាដល់អ៊ុយក្រែន ដោយសារតែមានរបាយការណ៍ពីមន្ទីរបញ្ចកោណដែលបានបង្ហាញថា​ ឃ្លាំងស្តុកទុកអាវុធរបស់យោធាអាមេរិក មានការធ្លាក់ចុះយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ​ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយថា៖​ ការសម្រេចនេះ ត្រូវបានធ្វើឡើងដោយផ្នែកលើគោលការណ៍នៃការដាក់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាចម្បង បន្ទាប់ពីមន្ទីរបញ្ចកោណបានពិនិត្យមើលឡើងវិញនូវការគាំទ្រផ្នែកការពារជាតិ និងសកម្មភាពជំនួយយោធាសម្រាប់ប្រទេសនានា​ ជុំវិញពិភពលោក។​

គួរជម្រាបជូនថា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​​ថាតើ​សព្វាវុធ​ប្រភេទ​ណា​ ដែល​នឹង​ត្រូវ​ផ្អាក​ឡើយ​ ប៉ុន្តែ​​​​​គ្រាប់បែក និង​មីស៊ីល​​ការពារដែនអាកាស ត្រូវ​គេជឿ​ជាក់​ថា​នឹង​ស្ថិតក្នុងចំណោម​សព្វាវុធ​​ទាំង​នោះ។ នេះបើយោងតាម​ប្រភព​របស់​ទីភ្នាក់ងារព័ត៌មាន ​​Reuters៕​