មេដឹកនាំគណបក្ស Libertarian Party of America លោក Steven Nekhaila កាលពីពេលថ្មីៗនេះ បានអញ្ជើញលោក Elon Musk ឲ្យមកចូលរួមជាមួយបក្សរបស់ខ្លួន បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានចេញមុខប្រឆាំងគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងថែមទាំងបានបង្ហាញចេតនាក្នុងការបង្កើតគណបក្សថ្មី ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
ប្រធានគណៈកម្មាធិការបក្ស Libertarian Party of America លោក Steven Nekhaila បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី១ ខែកក្កដា ដោយបានអញ្ជើញមហាសេដ្ឋី Elon Musk ឲ្យចូលរួមជាមួយបក្សរបស់ខ្លួន ជាជាងទៅបង្កើតគណបក្សថ្មីផ្សេងមួយទៀត។
លោក Nekhaila បាននិយាយថា៖” វានឹងក្លាយជាកំហុសដ៏ធំមួយបើសិន Elon ទៅបង្កើតបក្សទីបីនោះ។ គណបក្ស Libertarian របស់យើង គឺជាបក្សមួយដែលរៀបចំបានយ៉ាងល្អបំផុត ដើម្បីធ្វើជាដៃគូប្រជែងរបស់បក្សធំៗ នៅអាមេរិក”។
គួរឲ្យដឹងថា បក្សទីបី នេះ គឺជាពាក្យមួយដែលប្រើនៅក្នុងសហរដ្ឋអាមេរិក ដើម្បីសំដៅលើគណបក្សតូចៗដែលចង់ប្រកួតប្រជែងដណ្តើមឥទ្ធិពល ជាមួយគណបក្សធំបំផុតទាំងពីរគឺ បក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត។
លោក Nekhaila បានបញ្ជាក់ទៀតថា ដរាបណាមហាសេដ្ឋីអាមេរិក នៅតែបន្តវិនិយោគ នោះការក្លាយជាសមាជិករបស់បក្ស នៅតែបើកទ្វារចាំជានិច្ច។ គណបក្ស Libertarian Party of America កំពុងដំណើរការជាមួយនឹងថវិកាប្រចាំឆ្នាំប្រហែល ១-៣លានដុល្លារ។
ជម្រាបជូនផងដែរថា បន្ទាប់ពីមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញផែនការកាត់បន្ថយពន្ធ និងការចំណាយដ៏ធំ មក លោក Musk បានគំរាមទៅបង្កើតគណបក្សថ្មីមួយ ប្រសិនបើសភាយល់ព្រមអនុម័តទៅលើច្បាប់ថ្មីនេះ។ ថៅកែក្រុមហ៊ុន Tesla រូបនេះ ក៏បានប្រកាសថា លោកនឹងបរិច្ចាគលុយដល់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់សមាជិកសភាមកពីបក្សសាធារណរដ្ឋ លោក Thomas Massie ផងដែរ ដែលប្រឆាំងទៅនឹងផែនការចំណាយដ៏ច្រើនលើសលប់នេះ៕