ធនាគារពិភពលោក បាននិយាយនៅថ្ងៃទី៣ ខែកក្កដានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ១,៨% សម្រាប់ឆ្នាំនេះ និង ១,៧% នៅឆ្នាំក្រោយ ចំពេលកំពុងមានការកើនឡើងនៃភាពតានតឹងនៅក្នុងពិភពលោក និងក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជុំវិញការព្យាករអំពីកំណើនលើកចុងក្រោយនេះ ត្រូវបានកាត់បន្ថយយ៉ាងច្រើន បើធៀបទៅនឹងអត្រា ២,៩% សម្រាប់ឆ្នាំនេះ និង ២,៧% សម្រាប់ឆ្នាំក្រោយ ដែលត្រូវបានព្យាករ នៅក្នុងខែមីនា កន្លងទៅ។
ធនាគារពិភពលោក បាននិយាយនៅក្នុងរបាយការណ៍តាមដានសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយបង្ហាញថា ការធ្លាក់ចុះនេះ គឺបានឆ្លុះបញ្ចាំងពីការចុះខ្សោយនៃការនាំចេញ និងទេសចរណ៍ ជាពិសេសដោយសារតែការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវទេសចរចិន ក៏ដូចជាតម្រូវការក្នុងស្រុក ដែលចុះខ្សោយ ផងដែរ។
ជាងនេះទៅទៀត ភាពមិនច្បាស់លាស់នៅក្នុងផ្នែកនយោបាយ អាចពន្យារពេលថវិកាសារពើពន្ធឆ្នាំ២០២៦ និងរារាំងដល់ការវិនិយោគក្នុងហេដ្ឋរចនាសម្ព័ន្ធសាធារណ: ដែលបណ្តាលឲ្យប៉ះពាល់ដល់ការវិនិយោគឯកជន និងកំណើនទាំងមូល។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចកើនឡើងត្រឹមតែជាង ១% ប៉ុណ្ណោះ នៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក៕
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោក បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមទាំងអស់ដែលប្រទេសថៃកំពុងជួបប្រទះក៏ដោយ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចឈានដល់ ២,២% នៅឆ្នាំនេះ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មចុះត្រជាក់ ហើយការវិនិយោគឯកជន អាចកើនឡើងក្នុងកម្រិតមធ្យម៕