យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេដ៏ល្បីល្បាញបំផុតរបស់ពិភពលោក Starbucks គ្រោងនឹងលក់ភាគហ៊ុន ៧០% នៃអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំង។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងថាទៀតថា Starbucks China បច្ចុប្បន្នមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។ ហើយបើតាមការប្រកាសចុងក្រោយនេះ ហាងកាហ្វេដ៏ពេញនិយមរបស់អាមេរិក ទំនងជាបន្តរក្សាភាគហ៊ុនរបស់ខ្លួនត្រឹម ៣០% ប៉ុណ្ណោះ ដោយចំនួនសេសសល់ផ្សេងទៀត នឹងបែងចែកទៅក្នុងចំណោមក្រុមអ្នកវិនិយោគិនរបស់ខ្លួន ដោយនឹងទទួលបានតិចជាង ៣០% ក្នុងម្នាក់ៗ។ កាលពីខែមុន Starbucks ក៏បានប្រកាសថាខ្លួនមិនមានគម្រោងលក់ប្រតិបត្តិការរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសចិននោះទេ។
គួរឲ្យដឹងថា នៅក្នុងខែឧសភា ក្រុមហ៊ុន Starbucks បានចាប់ផ្តើមដំណើរការជាផ្លូវការនៃការលក់អាជីវកម្ម រួមទាំងការលក់ភាគហ៊ុនដ៏មានសក្តានុពលរបស់ខ្លួន នៅក្នុងប្រទេសចិន។ ហើយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានទាក់ទាញមូលនិធិសមធម៌ឯកជនទាំងក្នុង និងក្រៅប្រទេសប្រមាណជិត ៣០ រួចមកហើយ ដើម្បីដាក់សំណើដេញថ្លៃ។
Starbucks បានបើកដំណើរការហាងដំបូងរបស់ខ្លួន នៅក្នុងប្រទេសចិនក្នុងឆ្នាំ១៩៩៩ ហើយបានចាប់ផ្តើមអាជីវកម្មដ៏ល្អ ក្នុងការណែនាំវប្បធម៌កាហ្វេដល់ប្រទេសដែលចូលចិត្តតែ។ ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ តម្រូវការរបស់អតិថិជន ហាក់មានការថយចុះយ៉ាងខ្លាំង ដោយសារពួកគេមានការប្រុងប្រយ័ត្នលើការចាយវាយ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនសូវស្រួលស្រាប់។
ចំណែកទីផ្សាររបស់ Starbucks ក្នុងប្រទេសចិន បានធ្លាក់ចុះពី ៣៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ១៤% ប៉ុណ្ណោះ នៅឆ្នាំនេះ។ ដោយមានហាងសរុបប្រហែល ៧ ៨០០ នៅក្នុងប្រទេសចិន Starbucks កំពុងព្យាយាមដណ្តើមចំណែកយកទីផ្សាររបស់ខ្លួនឡើងវិញ ជាមួយនឹងការប្រកាសពីការបញ្ចុះតម្លៃលើភេសជ្ជ:លើកដំបូងរបស់ខ្លួន កាលពីខែមុន បើទោះបីជាតម្លៃរបស់វានៅតែខ្ពស់ជាងដៃគូប្រជែងដូចជា Mixue និង Luckin Coffee ក៏ដោយ៕

