មហាសេដ្ឋីបច្ចេកវិទ្យា លោក Bill Gates កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះពីបញ្ជីកំពូលអ្នកមានទាំង១០ របស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក ថយចុះអស់ច្រើនជាង ៥០ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

យោងតាម Bloomberg បានរាយការណ៍ថា ចំនួនទ្រព្យសម្បត្តិរបស់លោក Bill Gates ត្រូវបានគេមើលឃើញស្រកចុះយ៉ាងកំហុគ ពោលគឺចាប់តាំងពីលោកបានប្រកាសពីបរិច្ចាគយ៉ាងច្រើន ទៅកាន់អង្គការសប្បុរសធម៌ និងតាមរយ:ការលក់ភាគហ៊ុន ផងដែរ។
យ៉ាងណាមិញ ប្រភពដដែលបានរាយការណ៍ទៀតថា នៅក្នុងរយ:ពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានថយចុះពីចំនួន ១៧៥ពាន់លានដុល្លារ មកនៅត្រឹម ១២៤ពាន់លានដុល្លារ ដោយធ្វើឲ្យលោកធ្លាក់មកកាន់ចំណាត់ថ្នាក់ទី១២ ក្នុងបញ្ជីអ្នកមានបំផុត តាមពីក្រោយមហាសេដ្ឋីបច្ចេកវិទ្យា Michael Dell។
ទន្ទឹមនឹងនេះ បើតាម Fortune បានរាយការណ៍ទៀតថា លោក Bill Gates ដែលធ្លាប់បានកាន់តំណែងជាអ្នកមានបំផុតក្នុងពិភពលោកអស់រយៈពេល ១៨ឆ្នាំកាលពីមុន បានគ្រងនៅចំណាត់ទី៥ ក្នុងបញ្ជីអស់រយ:ពេលជាយូរ មុនពេលមានការកែប្រែនេះ។ បច្ចុប្បន្ន លោក Steve Ballmer ដែលអតីតនាយកប្រតិបត្តិ Microsoft និងជាដៃស្តាំរបស់លោក Bill Gates បានឡើងមកកាន់តំណែងលេខ៥ ជំនួសវិញ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៧៤ពាន់លានដុល្លារ៕

