ថៃ​ ពិចារណាទម្លាក់ពន្ធនាំចូល ០% សម្រាប់ទំនិញអាមេរិក ដើម្បីយកចិត្តលោក ត្រាំ

អន្តរជាតិ

ប្រទេសថៃ​ កំពុងពិចារណារអនុញ្ញាតឲ្យសហរដ្ឋអាមេរិក នាំចូលទំនិញមកកាន់ទីផ្សាររបស់ខ្លួន ដោយគ្មានកាតព្វកិច្ចពន្ធ ដើម្បីជួយបញ្ចុះបញ្ចូលឲ្យរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ​ ទម្លាក់ពន្ធគយ ៣៦%​ ដែលដាក់លើទំនិញនាំចេញរបស់ថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunahavajira បាននិយាយថា ប្រទេសថៃ​ ដែលពីមុនធ្លាប់កាត់បន្ថយពន្ធលើការនាំចូលផ្លែមៀន និងត្រីទីឡាព្យា ពីប្រទេសផ្សេងៗនោះ ក៏អាចនឹងត្រូវអនុវត្តលើការកាត់បន្ថយការយកពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញមួយចំនួនរបស់ពួកគេ មកនៅត្រឹម ០% បានផងដែរ។ លោកបន្តទៀតថា រដ្ឋាភិបាល អាចធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលរថយន្តចង្កូតឆ្វេង ពីសហរដ្ឋអាមេរិកឡើងវិញ និងលុបបំបាត់ពន្ធលើទំនិញដែលរួមបញ្ចូលរួចហើយ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដទៃទៀត។

ទន្ទឹមនឹងនេះ​ លោក Pichai បានបង្ហាញសុទិដ្ឋិនិយមអំពីការបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់មួយ មុនឈានដល់ពេលកំណត់ នៅថ្ងៃទី១ ខែសីហា ដែលកំណត់ដោយប្រធានាធិបតីអាមេរិក លោក ត្រាំ លើការដាក់ពន្ធគយថ្មី។

មិនតែប៉ុណ្ណោះ​ ប្រទេសថៃ បានសន្យាថានឹងលុបចោលការយកពន្ធនាំចូលលើទំនិញអាមេរិក ដល់ទៅ ៩០%​ និងដករបាំងមិនមែនពន្ធផ្សេងៗទៀតចេញ។ រដ្ឋាភិបាល ក៏បានផ្តល់ជូនផងដែរ ក្នុងការបង្កើនការទិញទំនិញកសិកម្ម និងថាមពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួន ដែលមានចំនួន ៤៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំបំផុតរបស់ថៃ នៅក្នុងឆ្នាំ២០២៤ ដែលមានចំនួនប្រហែល ១៨% នៃការនាំចេញសរុប។ ការនាំចេញរបស់ថៃបានកើនឡើងប្រហែល ១៥% ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដែលជំរុញដោយការបង្កើនល្បឿននៃការបញ្ជាទិញ មុនការអនុវត្តពន្ធគយរបស់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន៕​