យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុន Ford កំពុងប្រកាសប្រមូលរថយន្តចំនួន ៦៩៤ ២៧១ គ្រឿង នៅសហរដ្ឋអាមេរិក ត្រលប់ទៅជួសជុលវិញ ដោយសារតែបញ្ហាលេចធ្លាយប្រេង ដែលអាចបង្កើនហានិភ័យកាឆាបឆេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រមូលមកវិញសារនេះ អាចប៉ះពាល់ទៅលើរថយន្តរបស់ Ford សម្រាប់ម៉ូដែល Bronco Sport មួយចំនួន ដែលផលិតចន្លោះឆ្នាំ ២០២១-២០២៤ និងម៉ូដែល Escape ដែលផលិតនៅចន្លោះឆ្នាំ ២០២០-២០២២។
យោងតាមរដ្ឋបាល NHTSA បាននិយាយទៀតថា រថយន្តរបស់ Ford សម្រាប់ម៉ូដែលខាងលើ ត្រូវបានរកឃើញថាមានបញ្ហានៅត្រង់ធុងចាក់ប្រេងដែលប្រេះ អាចលេចធ្លាយចូលទៅក្នុងតួម៉ាស៊ីនទាំងមូល ហើយបង្ករហានិភ័យឆាបឆេះ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Ford បានជូនដំណឹងនេះ ទៅកាន់ម្ចាស់រថយន្តដែលកំពុងជួបបញ្ហា ដោយធានាជួសជុលជូនវិញ ដោយមិនចាំបាច់អស់ថ្លៃឈ្នួលបន្ថែមនោះឡើយ៕

