គណ:កម្មាការអឺរ៉ុប បានសម្រេចផ្អាកការស៊ើបអង្កេតមួយរបស់ខ្លួន ទៅលើបណ្តាញទំនាក់ទំនងសង្គម X របស់មហាសេដ្ឋី Elon Musk សម្រាប់ការបំពានច្បាប់តម្លាភាពឌីជីថលរបស់ខ្លួន ចំពេលតំបន់នេះ កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការផ្អាកនេះ នឹងធ្វើឲ្យគណ:កម្មាការអឺរ៉ុប ខកខានថ្ងៃផុតកំណត់សម្រាប់ការបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើបណ្តាញសង្គម X ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងមុនរដូវក្តៅមកដល់។
ប្រភពដដែលបាននិយាយទៀតថា ការសម្រេចចិត្តនេះ ទំនងជាត្រូវធ្វើឡើង បន្ទាប់ពីមានភាពច្បាស់លាស់ជុំវិញការចរចាពាណិជ្ជកម្ម ដែលអាចធ្វើទៅបានរវាងសហភាព និងសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។
រំឮកផងដែរថា និយតករបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បាននិយាយកាលពីឆ្នាំមុនថា X បានបំពានច្បាប់មាតិកាអនឡាញរបស់សហភាពអឺរ៉ុប ក្រោមច្បាប់សេវាកម្មឌីជីថល។
ក្រុមហ៊ុនណាមួយដែលរកឃើញថាបំពានលើច្បាប់នេះ ប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលសកលរបស់ខ្លួន ហើយបើពួកគេនៅតែប្រព្រឹត្តិបទល្មើសដដែលៗ នោះអាចត្រូវបានហាមឃាត់មិនឲ្យយធ្វើប្រតិបត្តិការនៅអឺរ៉ុបទាំងស្រុងតែម្តង៕

