ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ហក់ឡើងខ្លាំង ក្រោយលោក ត្រាំ ប្រកាសទម្លាក់ពន្ធ​

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានកើនឡើងយ៉ាងខ្លាំង​ បន្ទាប់ពីមានព័ត៌មានថាពន្ធនាំចូលរថយន្តរបស់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយមកនៅត្រឹម ១៥%​ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបើកការជួញដំបូង នៅថ្ងៃទី២៣ ខែកក្កដានេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយនុ្តជប៉ុន ហក់ឡើងព្រមៗគ្នា ពោលគឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុក NHK បានរាយការណ៍ ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក លើរថយន្តមកពីជប៉ុន ត្រូវបានកាត់បន្ថយពី ២៥%​ មកនៅត្រឹម ១៥%​។

ភាគហ៊ុនរបស់ក្រុមហ៊ុន Honda ឥឡូវនេះ​ ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ ១០%​ ស្របពេល Mitsubishi បានកើនឡើង ១៣% ចំណែកឯ Nissan កើនឡើងជិត ៩% ស្របពេល Mazda និង Toyota ហក់ឡើងខ្ពស់ជាងគេបំផុត ដល់ ១៧% និង ១៣,៦%​ រៀងគ្នា។

គួរឲ្យដឹងថា កាលពីមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធនាំចូល ២៥% លើរថយន្តទាំងអស់ដែលនាំចូលសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ខែមេសា។ រថយន្ត គឺជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចជប៉ុនដែលរួមចំណែកដល់ ២៨,៣% នៃការនាំចេញរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤។

ជម្រាបជូនថា នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ​ បាននិយាយថា ឥឡូវនេះ​ សហរដ្ឋអាមេរិក និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាហើយ បន្ទាប់ពីមានការចរចាអស់រយ:ពេលជាយូរ ដោយអាមេរិក យល់ព្រមពន្ធទម្លាក់ពន្ធគយលើទំនិញជប៉ុនមកនៅ ១៥% ស្របពេលជប៉ុនយល់ព្រមវិនិយោគចំនួន ៥៥០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក៕​