ឡាវ ទទួលរងគ្រាប់ផ្លោងប្រហែល ១០គ្រាប់ ពីជម្លោះដ៏ក្តៅគគុករវាងថៃ-កម្ពុជា

អន្តរជាតិ

យោងតាមយោធាឡាវ បាននិយាយនៅថ្ងៃទី២៦ ខែកក្កដានេះថា គ្រាប់កាំភ្លើងធំចំនួនប្រហែល ១០ គ្រាប់ បានធ្លាក់មកលើទឹកដីរបស់ខ្លួន បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ខណ:ការប្រយុទ្ធគ្នារវាងភាគីកម្ពុជា និងថៃនៅតែបន្តកើនឡើងកម្តៅខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានប្រតិបត្តិការពិសេសនៃខេតចំប៉ាសាក់ ប្រទេសឡាវ បានប្រកាសនៅថ្ងៃសៅរ៍នេះថា គ្រាប់កាំភ្លើងធំចំនួន ១០​ គ្រាប់ បានធ្លាក់មកលើទឹកដីរបស់ខ្លួន អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី ២៤-២៥ ខែកក្កដា។

គ្រាប់ផ្លោងទាំងនេះ បានបំផ្លាញផ្ទះសម្បែង និងសំណង់ជាច្រើននៅក្នុងខេត្តចំប៉ាសាក់ ប៉ុន្តែយោធាឡាវ មិនទាន់អាចកំណត់បាននៅឡើយទេថាអ្នកណាជាអ្នកបាញ់ គ្រាប់ទាំងនេះ។ ចំប៉ាសាក់ គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសឡាវ ដែលជាប់ព្រំដែនជាមួយកម្ពុជា និងថៃ។ 

គួរឲ្យដឹងផងដែរថា​ ការប្រយុទ្ធគ្នារវាងថៃ និងកម្ពុជា នៅតាមបណ្តោយព្រំដែនបានឈានដល់ចូលដល់ថ្ងៃទី៣​ ហើយ។ ប្រទេស​ថៃ​និយាយ​ថា​ជម្លោះ​នេះ​បាន​បណ្តាល​ឲ្យយ​មនុស្ស​២០​នាក់​ស្លាប់ ​ក្នុង​នោះ​មាន​ជន​ស៊ី​វិល​១៤​នាក់​ និង​ទាហាន ​៦​នាក់​ និង​រាប់​សិប​នាក់ផ្សេងទៀត​រង​របួស ។ ស្របពេលក្រសួង​ការពារជាតិ​កម្ពុជា​ និយាយ​ថា មនុស្ស​១៣​នាក់​បាន​ស្លាប់ និង​៧១​នាក់​រង​របួស។

បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៥ ខែកក្កដា ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម កែវ ឈា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ក៏ដូចជាដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ កម្លាំងពីភាគីទាំងសងខាងបានបន្តប៉ះទង្គិចគ្នានៅទីតាំងថ្មី នៅព្រំដែនខេត្តពោធិសាត់ របស់កម្ពុជា។

ជម្រាបជូនថា ភាព​តានតឹង​រវាង​ថៃ​និង​កម្ពុជា​បាន​កើន​ឡើង​តាំងពី​ព្រលឹម​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ពេល​ដែល​ទាហាន​ពី​ភាគី​ទាំង​សងខាង​បាន​បើក​ការ​បាញ់​ប្រហារ​គ្នានៅតាមបណ្តោយ​ព្រំដែន។ កម្ពុជានៅតែបន្តអះអាងថា ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕