នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌថ្មីមួយ សហរដ្ឋអាមេរិក បានសម្រេចថានឹងដាក់ពន្ធ ១៥% លើទំនិញរបស់សហភាពអឺរ៉ុប ខណ:ពេលដែលប្លុកនេះ សន្យាថានឹងទិញចូលថាមពល និងឧបការណ៍យោធាជាច្រើន របស់សហរដ្ឋអាមេរិកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះ ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីប្រធានគណ:កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើដំណើរទៅកាន់ប្រទេសស្កុតឡែន ដើម្បីជួបជាមួយលោក ត្រាំ និងជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង។
គួរឲ្យដឹងផងដែរថា កន្លងមក លោក ត្រាំ បានប្រកាសផ្ញើលិខិតជូនដំណឹងអំពីការដាក់ពន្ធគយថ្មី ទៅកាន់សហភាពអឺរ៉ុប នៅក្នុងអត្រា ៣០% ។
យ៉ាងណាមិញ យោងតាម CNBC បានរាយការណ៍ថា លោក ត្រាំ ក៏បាននិយាយផងដែរថា EU បានយល់ព្រមចំណាយទឹកប្រាក់ ៧៥០ពាន់លានដុល្លារ នៅក្នុងការទិញយកថាមពលរបស់សហរដ្ឋអាមេរិក និងថែមទាំងវិនិយោគទឹកប្រាក់ប្រហែល ៦០០ពាន់លានដុល្លារ នៅក្នុងប្រទេស ថែមទៀតផង។
ជម្រាបជូនងផងដែរថា បន្ទាប់ពីបញ្ចប់ការពិភាក្សា លោក ត្រាំ បាននិយាយថា នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ និងជាកិច្ចព្រមព្រៀងដ៏ធំបំផុត។ ចំណែកឯលោក ស្រី Von der Leyen វិញ ក៏បាននិយាយផងដែរថា វាគឺជាកិច្ចព្រមព្រៀងដ៏ល្អមួយ បន្ទាប់ពីមានការចរចាដ៏លំបាក អស់រយ:ពេលជាយូរ៕

