ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ប្រទេសវៀតណាម VinFast បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅរោងចក្រដំបូងបំផុតរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ដែលជាជំហ៊ានថ្មីមួយ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechInAsia។

តាមការបញ្ជាក់ដោយក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា រោងចក្រថ្មីនេះ ស្ថិតនៅទីក្រុង Thoothukudi ភាគខាងត្បូងប្រទេសឥណ្ឌា ដោយវានឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ រហូតដល់ ១៥០ ០០០ គ្រឿង។
មិនតែប៉ុណ្ណោះ បើតាមលោក Pham Sanh Chau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ប្រចាំតំបន់អាស៊ី បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងដាក់លក់រថយន្តដំបូងបំផុត នៅតាមទីតាំងដាក់បង្ហាញ ក្នុងប្រទេសឥណ្ឌា នៅចុងខែនេះ បើទោះបីជាតម្លៃ និងកាលបរិច្ឆេទដាក់លក់ នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងក៏ដោយ។
ជម្រាបជូនផងដែរថា VinFast កាលពីខែមុន បានប្រកាសថាខ្លួនមានគម្រោងវិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារ ជាមួយរដ្ឋ Tamil Nadu ដោយក្នុងនោះក្រុមហ៊ុនបានបេ្តជ្ញាក្នុងការវិនិយោគ ៥០០លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដំបូង៕

