វៀតណាម ទាញទម្លាក់ថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទីពីរលើលោក

អន្តរជាតិ

យោងតាមសមាគមអ្នកនាំចេញអង្ករថៃ​ បាននិយាយថា ប្រទេសវៀតណាម បានវ៉ាដាច់ថៃហើយ ក្នុងការក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទីពីររបស់ពិភពលោក នៅរយ:ពេល ៦ខែដំបូង ឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា ឥណ្ឌា តែបន្តឈរនៅចំណាត់ថ្នាក់កំពូល ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ប្រទេសនេះ បាននាំចេញអង្ករចំនួន ១១,៦៨ លានតោន កើនឡើង ៣៦,៥% វៀតណាម តាមពីក្រោយ ដោយនាំចេញចំនួន ៤,៧២ លានតោន កើនឡើង ៣,៥%​ ខណ:ថៃ ជាប់លេខ៣ មានចំនួននាំចេញ ៣,៥ លានតោន ធ្លាក់ចុះ ២៧,៣% ។

ទន្ទឹមនឹងនេះ​ យោងតាមប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា មិនតែចំនួននាំចេញធ្លាក់ចុះប៉ុណ្ណោះទេ តម្លៃនៃការនាំចេញអង្កររបស់ថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ក៏ធ្លាក់ចុះដែរ ដោយត្រូវគេប៉ាន់ប្រមាណថាមានចំនួន ៧៥,៥ពាន់លានបាត (ជាង ២,៣ពាន់លានដុល្លារ) ធ្លាក់ចុះ ៣៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សារព័ត៌មាន Thai PBS បានរាយការណ៍ឲ្យដឹងទៀតថា តម្លៃអង្ករ ត្រូវបានគេរំពឹងទុកថានឹងបន្តធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់ នៅក្នុងប្រទេសដែលផលិតអង្ករ មានកើនឡើង និងកាត់បន្ថយតម្រូវការ ដែលបង្ខំឲ្យអ្នកនាំចេញអង្ករ កាត់បន្ថយតម្លៃដើម្បីប្រកួតប្រជែង៕​