ក្រុមហ៊ុនផលិតរថយន្តកំពូលជប៉ុនពីរ ប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ដោយពន្ធគយ ត្រាំ

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor និង Honda Motor ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលដ៏ធំនៅត្រីមាសទី១ ក្នុងអំឡុងសប្តាហ៍នេះ ដោយសារតែពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការឡើងថ្លៃនៃប្រាក់យ៉េន ដែលធ្វើឲ្យការចំណាយកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសជប៉ុនទាំងពីរ ​ប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែពន្ធនាំចូលខ្ពស់ កំពុងជំរុញតម្លៃរថយន្ត និងធ្វើឲ្យតម្រូវការអតិថិជនថយចុះយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ ៣១% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ៩០២ពាន់លានយ៉េន (៦,១៤ពាន់លានដុល្លារ) ។

ដោយឡែកចំពោះក្រុមហ៊ុន Honda ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះ ៣៦% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន មកនៅត្រឹម ៣១១,៧ពាន់លានយ៉េន ធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាការធ្លាក់ចុះ ២ត្រីមាសជាប់ៗ​ គ្នា ផងដែរ។

ជម្រាបជូនផងដែរថា ទាំង Toyota និង Honda បច្ចុប្បន្ន កំពុងប្រឈមមុខទៅនឹងការជាប់ពន្ធ ១៥% លើការនាំចូលរថយន្តរបស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិក ពោលគឺបានធ្លាក់ចុះពីកម្រិតពន្ធពីមុន ២៧,៥% បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីខែមុន៕​