សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ជំនួបកំពូលរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងប្រធានាបតីលោក វ៉្លាឌីមៀ ពូទីន នឹងប្រព្រឹត្តិធ្វើឡើង នៅរដ្ឋ Alaska ទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១៥ ខែសីហាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយបាននិយាយថា ៖” កិច្ចប្រជុំដែលអ្នកទាំងអស់គ្នារំពឹងទុកខ្លាំងរវាងខ្ញុំផ្ទាល់ និងលោក ពូទីន នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋ Alaska ដ៏អស្ចារ្យ។ ហើយជុំវិញព័ត៌មានលម្អិតបន្ថែម នឹងត្រូវបានផ្តល់ជូននាពេលក្រោយ”។
ទន្ទឹមនឹងនេះ លោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី បាននិយាយថា ៖”វាហាក់ដូចជារឿងសមហេតុផលណាស់ ដែលគណៈប្រតិភូរបស់យើងនឹងហោះហើរលើច្រកសមុទ្រ Bering Strait ហើយកិច្ចប្រជុំកំពូលដ៏សំខាន់ និងរង់ចាំជាយូរមកហើយរវាងមេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើឡើងនៅ Alaska ដែលជារដ្ឋជិតប្រទេសរុស្ស៊ី” ។
មិនតែប៉ុណ្ណោះ លោក Ushakov បានបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានអញ្ជើញលោក ត្រាំ ឲ្យមកបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ីវិញផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Alaska បញ្ចប់។
គួរឲ្យដឹងថា លើកចុងក្រោយដែលប្រធានាធិបតី ត្រាំ និងលោក ពូទីន បានជួបគ្នាផ្ទាល់ គឺស្ថិតនៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ ពោលគឺក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ តែម្តង។
ជំនួបរវាងលោក ត្រាំ និងលោក ពូទីន គឺជាសញ្ញាមួយបង្ហាញថា ភាពតានតឹងរវាងអាមេរិក និងរុស្ស៊ីបានធូរស្រាលបន្តិចឡើងវិញហើយ។ ទំនាក់ទំនងរវាងភាគីទាំងពីរពីមុនមានការកើនឡើងកម្តៅខ្លាំង នៅពេលដែលប្រធានាធិបតី ត្រាំ បានចេញឱសានវាទថាលោកនឹងដាក់ទណ្ឌកម្មប្រសិនបើរុស្ស៊ីមិនឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ ខែសីហា ទេនោះ។
តែទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើសន្និសិទនេះអាចនាំសន្តិភាពនៅអ៊ុយក្រែន ឬយ៉ាងណានោះទេ បន្ទាប់ពីកិច្ចចរចាផ្ទាល់ចំនួនបីលើករវាងរុស្ស៊ី និងអ៊ុយក្រែន នៅប្រទេសតួកគី បានបរាជ័យរួចទៅហើយនោះ៕

