xAI របស់ Elon Musk គ្រោងប្តឹង Apple ជុំវិញការដាក់ចំណាត់ថ្នាក់កម្មវិធីលើ App Store

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយកាលពីថ្ងៃទី១១ ខែសីហាថា xAI ដែលជាក្រុមហ៊ុន AI ទើបបង្កើតថ្មីរបស់លោក គ្រោងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងទៅនឹងក្រុមហ៊ុន Apple ដោយចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងទៅនឹងការទុកចិត្ត ក្នុងការគ្រប់គ្រងចំណាត់ថ្នាក់កម្មវិធី នៅលើ App Store។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួន លោក Musk បាននិយាយថា ៖”​ Apple កំពុងបង្ហាញពីឥរិយាបទ ដែលធ្វើឲ្យក្រុមហ៊ុន AI ដទៃ ក្រៅពី OpenAI មិនអាចឡើងដល់ចំណាត់ថ្នាក់លេខ១ នៅក្នុង App Store ដែលជាការរំលោភលើច្បាប់ប្រកួតប្រជែងយ៉ាងច្បាស់។ xAI នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន ChatGPT របស់ OpenAI កំពុងកាន់កាប់តំណែងលេខ១ នៅក្នុងផ្នែក “កម្មវិធីឥតគិតថ្លៃកំពូល” របស់ App Store សម្រាប់ iPhone នៅសហរដ្ឋអាមេរិក ខណៈពេលដែល Grok របស់ xAI ជាប់ចំណាត់ថ្នាក់ទី៥ និង Gemini របស់ Google ជាប់នៅចំណាត់ថ្នាក់ទី៥៧។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ហាក់មិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយ អំពីការអះអាងរបស់លោកនោះឡើយ ស្របពេលទាំង Apple , OpenAI និង xAI ក៏នៅមិនទាន់មានការឆ្លើយតបជុំវិញ ការលើកឡើងរបស់មហាសេដ្ឋីអាមេរិកនេះ ផងដែរ។

ជម្រាបជូនផងដែរថា​ មិនត្រឹមតែជាប់នៅចំណាត់ថ្នាក់កំពូលក្នុង App Store របស់ Apple នោះទេ កម្មវិធី​ ChatGPT ក៏នាំមុខគេក្នុងចំណាត់ថ្នាក់លេខ១ នៅលើ Google Play Store ផងដែរ។ នេះបើយោងតាមទិន្នន័យទទួលបានពី Sensor Tower៕​