ក្រុមហ៊ុនអាកាសចរណ៍​ Qantas រងពិន័យជិត ៦០លានដុល្លារ ជុំវិញការបណ្តេញបុគ្គលិករាប់ពាន់នាក់

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសអូស្ត្រាលី Qantas Airways ត្រូវបានតុលាការបញ្ជាក់ឲ្យបង់ប្រាក់ពិន័យប្រមាណ ៩០លានដុល្លារអូស្ត្រាលី (៥៨,៦លានដុល្លារ) ជុំវិញការបណ្តេញបុគ្គលិកជាង ១ ៨០០ នាក់ ដោយខុសច្បាប់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមតុលាការកំពូលរបស់ប្រទេសអូស្ត្រាលី បានបង្ហាញឲ្យដឹងថា ក្នុងអំឡុងពេលជំងឺរាតត្បាត ក្នុងឆ្នាំ២០២០ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Qantas បានសម្រេចបញ្ឈប់បុគ្គលិកសរុបចំនួន ១ ៨២០ នាក់ ហើយផ្លាស់ប្តូរការងាររបស់ពួកគេ ទៅឲ្យអ្នកម៉ៅការជំនួសវិញ។

យ៉ាងណាមិញ ក្រុមហ៊ុន Qantas បាននិយាយថា​ ការបញ្ឈប់នេះ គឺជាការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម ប៉ុន្តែបើតាមតុលាការសហព័ន្ធ បានចាត់ទុកវិធានការនេះ ជាសកម្មភាពមិនល្អ និងរើសអើង ដោយបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់ការងារយុត្តិធម៌របស់ប្រទេសអូស្រ្តាលី។

គួរជម្រាបជូនផងដែរថា​ រឿងចម្រូងចម្រាស់នេះបានកើតឡើង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតសកលមកម្លេះ ហើយបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន ដោយតុលាការបានសម្រេចឲ្យក្រុមហ៊ុន Qantas បង់ប្រាក់ពិន័យជិត ៦០លានដុល្លារ ដើម្បីបញ្ចប់រឿង៕​