លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាឲ្យចាប់ដាក់គុក ចំពោះអ្នកដែលដុតបំផ្លាញទង់ជាតិ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដែលត្រូវឲ្យក្រសួងយុត្តិធម៌អាមេរិក កាត់ទោសចំពោះអ្នកដែលដុត ឬបំផ្លាញទង់ជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសនៅអំឡុងកិច្ចប្រជុំមួយ នៅសេតវិមានការលពីថ្ងៃទី២៥ ខែសីហាថា ៖” ខ្ញុំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអ្នកណាក៏ដោយដែលដុតទង់ជាតិ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយគ្មានការលើកលែង ឬផ្លាស់ប្តូរអ្វីនោះឡើយ”។

ដោយហៅទង់ជាតិថាជា “និមិត្តសញ្ញាដ៏ពិសិដ្ឋ និងជាទីគោរពបំផុតរបស់អាមេរិក” លោក ត្រាំបានអះអាងថា ការដុតទង់ជាតិគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងញុះញង់ដែលអាចបង្កឲ្យមានអំពើហិង្សា។ នៅក្នុងបទបញ្ជាថ្មីនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា ការប្រមាថទង់ជាតិអាមេរិក គឺជាការបង្ហាញពីអរិភាពចំពោះជាតិ។

ជម្រាបជូនផងដែរថា​ ជុំវិញបទបញ្ជារបស់លោក ត្រាំ នេះ នឹងតម្រូវឲ្យរដ្ឋអាជ្ញាសហព័ន្ធ កាត់ទោសចំពោះអ្នកដុតបំផ្លាញទង់ជាតិ ដូចគ្នាទៅនឹងទោសសម្រាប់ឧក្រិដ្ឋកម្មផ្សេងទៀតដែរ ដូចជាការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ការប្រព្រឹត្តិមិនត្រឹមត្រូវ ឬការរំលោភបំពានភ្លើងសញ្ញាសាធារណៈ ជាដើម៕​