នៅក្នុងឆមាសទី១ ឆ្នាំនេះ ក្រុមហ៊ុន VinFast បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ៣២ ៩១៥ពាន់លានដុង (ប្រហែលជាង ១,៣ពាន់លានដុល្លារ) ពោលគឺកើនឡើងស្ទើតែទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយមួយ VinFast បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទីពីររបស់ខ្លួន មានចំនួនសរុប ១៦ ៦០៩ពាន់លានដុង ឬប្រហែល ៦៦៣លានដុល្លារ កើនឡើង ៩២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងខ្លាំង ដោយសារតែកើនឡើងនៃចំនួនចែកចាយរថយន្តរបស់ខ្លួន ១៧២% ដោយឈានដល់ ៣៥ ៨៣៧ គ្រឿង។
យ៉ាងណាមិញ ចំនួនម៉ូតូ និងកង់អគ្គិសនី ក៏បានកត់ត្រាពីការកើនឡើងនៃចំនួនលក់ដល់ទៅ ៥ដងផងដែរ បើធៀបទៅនឹងឆមាសទី១ កាលពីឆ្នាំមុន។ VinFast បាននិយាយថា ចំនួនផលិតផលដែលចែកចាយដល់អ្នកប្រើប្រាស់មានចំនួន ៧០% នៃប្រាក់ចំណូលសរុប។
ជម្រាបជូនផងដែរថា ត្រឹមរយៈពេល ៦ខែដំបូងឆ្នាំនេះ VinFast បានចែកចាយរថយន្តសរុបរបស់ខ្លួននៅទូទាំងពិភពលោក ក្នុងចំនួនសរុប ៧២ ១៦៧ គ្រឿង ជាមួយប្រាក់ចំណូលប្រមាណជាង ១,៣ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខ្នាតយក្សវៀតណាមនេះ នៅតែខាតបង់ប្រមាណ ៣៧ ៩៨៧ពាន់លានដុង៕

