លោក ត្រាំ ប្រកាសដាក់ពន្ធលើបន្ទះឈីប ពីក្រុមហ៊ុនណាដែលមិនផលិតនៅអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៤ ខែកញ្ញាថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដាក់ពន្ធលើការនាំចូលបន្ទះឈីប Semiconductor ពីក្រុមហ៊ុនណាដែលមិនព្រមផ្លាស់ប្តូរទីតាំងផលិតកម្មទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសរព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីវិលមកកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែមករាមក ការគំរាមកំហែងពន្ធរបស់លោក ត្រាំ បានធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗទទួលរងសម្ពាធយ៉ាងខ្លាំង ដោយជំរុញឲ្យមានការប្រែប្រូលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងជំរុញឲ្យមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ផងដែរ។

យ៉ាងណាមិញ ដោយនិយាយដល់ការដាក់ពន្ធលើបន្ទះឈីប លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ៖”​ខ្ញុំបានពិភាក្សាជាមួយមនុស្សច្រើននៅទីនេះ។ យើងនឹងដាក់ពន្ធលើបន្ទះឈីប ពីក្រុមហ៊ុនណាដែលមិនព្រមចូលមកទីនេះ។ យើងនឹងដាក់ពន្ធក្នុងពេលឆាប់ៗខាងមុខនេះ”។

គួរឲ្យដឹងផងដែរថា កាលពីខែមុន លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធរហូតដល់ ១០០% លើការនាំចូលបន្ទះឈីប ប៉ុន្តែវានឹងមិនត្រូវអនុវត្តចំពោះក្រុមហ៊ុនណាដែលផលិត ឬបានប្តេជ្ញាវិនិយោគ នៅទឹកដីសហរដ្ឋអាមេរិកនោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះ បានធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC និង​ Samsung Electronics រួមទាំង SK Hynix របស់កូរ៉េខាងត្បូង ប្រកាសអំពីវិនិយោគក្នុងចំនួនទឹកប្រាក់ដ៏ច្រើន នៅក្នុងទឹកដីសហរដ្ឋអាមេរិក៕