Elon Musk បាត់តំណែងជាអ្នកមានដាច់គេលើលោក ត្រឹមប៉ុន្មានម៉ោង មុនដណ្តើមបានមកវិញ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមេក្រុមហ៊ុន Oracle លោក Larry Ellison បានឡើងកាន់តំណែងជាអ្នកមានដាច់គេបំផុតនៅលើពិភពលោក ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ក៏ដណ្តើមបានតំណែងនោះមកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ យោងតាមសារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Ellison បានកើនឡើងដល់ចំនូួនប្រមាណជាង ៣៨៣ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Oracle របស់លោក បានរាយការណ៍ពីប្រាក់ចំណេញលើសពីការរំពឹងទុក។ ភាគហ៊ុនរបស់ Oracle បានកើនឡើងដល់ ៤៣% ដែលជាកម្រិតខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ លោក Ellison ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Oracle បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ ១១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងដ៏ច្រើននេះ ក៏បានធ្វើឲ្យលោក Ellison ឡើងកាន់តំណែងជាអ្នកមានដាច់គេលើពិភពលោក ដោយវ៉ាដាច់មហាេសេដ្ឋី Elon Musk ក្នុងរយៈពេលខ្លីមួយផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទីផ្សារហិរញ្ញវត្ថុត្រូវបានបិទ ទ្រព្យសម្បត្តិសរុបរបស់លោក Ellison ពិតប្រាកដមានការកើនឡើងត្រឹមតែ ៨៩ពាន់លានដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងដល់ជាង ៣៨៤ពាន់លានដុល្លារ ឬច្រើនជាងលោក Ellison ប្រហែលជាងមួយពាន់លានដុល្លារ៕​