វៀតណាម កាលពីពេលថ្មីៗនេះ បានស្នើឲ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញនូវការសម្រេចចិត្តមួយដែលអាចនាំឲ្យមានការហាមឃាត់ការនាំចេញអាហារសមុទ្រវៀតណាមមួយចំនួន ទៅកាន់ទីផ្សារអាមេរិក ដែលអាចចាប់ផ្តើមនៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដើម្បីសុំឲ្យពិចារណាឡើងវិញ នៃការសម្រេចចិត្តកាលពីក្នុងខែសីហា ដោយរដ្ឋបាលមហាសុទ្រ និងបរិយាកាសជាតិអាមេរិក ដែលបានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បានបង្កហានិភ័យដល់សត្វសមុទ្រ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកស្ថិតនៅក្នុងចំណោមទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងការនាំចេញពីខែមករា ដល់ខែសីហា បានកើនឡើង ៦,៩% ដល់ ១,២៤ពាន់លានដុល្លារ ដែលស្មើទៅនឹង ១៧,៣% នៃការនាំចេញអាហារសមុទ្រសរុបរបស់វៀតណាម។
ជម្រាបជូនថា សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម បានដាក់ពន្ធ ២០% លើការនាំចេញរបស់វៀតណាម ចាប់ពីថ្ងៃទី៧ ខែសីហា ខណៈដែលការដឹកជញ្ជូនឆ្លងកាត់វៀតណាមពីប្រទេសទីបីប្រឈមនឹងការយកពន្ធដល់ ៤០%។ ។
ការនាំចេញក្នុងខែសីហា ពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២% បើធៀបទៅនឹងខែកក្កដា មកត្រឹម ១៣,៩ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីគយវៀតណាម៕

