លោក ត្រាំ មួរម៉ៅក្តៅចិត្តក្រោយអ្នកកាសែតអូស្រ្តាលីម្នាក់ សួររឿងអាជីវកម្មផ្ទាល់ខ្លួន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងទៅលើអ្នកសារព័ត៌មានអូស្រ្តាលី លោក John Lyons បន្ទាប់ពីបានសួរនាំរូបលោក អំពីអាជីវកម្មផ្ទាល់ខ្លួន ហើយថែមទាំងបានគំរាមប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ថែមទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលនៃការផ្តល់បទសម្ភាសមួយនៅលើវាលស្មៅមុខសេតវិមាន កាលពីថ្ងទី១៦ ខែកញ្ញា អ្នកកាសែត John Lyons មកពីសារព័ត៌មាន ABC របស់អូស្រ្តាលី​ បានសួរលោក ត្រាំ អំពីការរកស៊ីរបស់លោក ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីនាពេលបច្ចុប្បន្ននេះថា តើវាសមរម្យដែរឬទេសម្រាប់មេដឹកនាំដែលកំពុងកាន់អំណាច ហើយចូលដៃក្នុងសកម្មភាពអាជីវកម្មផ្ទាល់ខ្លួននោះ។

ភ្លាមៗនោះ លោក ត្រាំ បានឆ្លើយតបវិញទាំងមួរម៉ៅថា៖”​ កូនៗរបស់ខ្ញុំកំពុងដំណើរការអាជីវកម្មនេះ”។ លោក ត្រាំ ថែមទាំងបានចោទសួរទៀតថា តើអ្នកកាសែតរូបនេះ មកពីណា។

យ៉ាងណាមិញ បន្ទាប់ពីបានដឹកថា Lyons មកពីសារព័ត៌មាន ABC របស់អូស្រ្តាលី​ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថារូបគេកំពុងបង្កគ្រោះថ្នាក់ដល់ប្រទេសរបស់ខ្លួនហើយ។

លោក Trump បាននិយាយបន្តទៀតថា ៖”អូស្ត្រាលីចង់រួមរស់ជាមួយខ្ញុំ។ អ្នកដឹងទេ មេដឹកនាំរបស់អ្នកនឹងមកជួបខ្ញុំក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងប្រាប់គាត់អំពីអ្នក”។

ជម្រាបជូនថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Albanese ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក ត្រាំ នៅសប្តាហ៍ក្រោយ នៅខាងក្រៅព្រឹត្តិការណ៍ UN៕​