ទិន្នផលរោងចក្ររបស់ប្រទេសថៃ បានធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង នៅក្នុងខែសីហា ដោយបានឈានដល់កម្រិតទាបបំផុតក្រោមការព្យាករ ដោយសារតែការនាំចេញចុះខ្សោយ តួលេខទេសចរណ៍ធ្លាក់ចុះ និងតម្លៃប្រាក់បាតកើនឡើង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

បើតាមក្រសួងឧស្សាហកម្មបាននិយាយថា សន្ទស្សន៍ផលិតកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះអស់ ៤,១៩% នៅក្នុងខែសីហា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្រសួងបាននិយាយទៀតថា កត្តាអវិជ្ជមានទាំងនេះកើតឡើងដោយសារតែ ឧស្សាហកម្មរថយន្តចុះខ្សោយ និងការធ្លាក់ចុះនៃទំនុកចិត្តក្នុងឧស្សាហកម្មផ្សេងទៀត។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់ថៃបានកើនឡើង ៥,៨% នៅក្នុងខែសីហាធៀបនឹងឆ្នាំមុន ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេលជិតមួយឆ្នាំ ដោយសារប្រាក់បាតកាន់តែរឹងមាំ និងផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់បានធ្លាក់ចុះ ៦,១% នៅក្នុងខែសីហា បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ។នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ៕

