ភោជនីយដ្ឋានរបស់មេចុងភៅដ៏ល្បីល្បាញ Salt Bae នៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានខាតបង់ទឹកប្រាក់អស់ប្រមាណ ៥,៥លានផោន ឬស្មើទៅនឹងជាង ៧,៣លានដុល្លារ ដោយសារតែការចំណាយកើនពាក់ព័ន្ធទៅនឹងការបិទហាងជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail។

ភោជនីយដ្ឋាន Nusret UK របស់ចុងភៅជនជាតិទួរគី Salt Bae និងមានឈ្មោះពិតប្រាកដថា Nusret Gokce ត្រូវបានរាយការណ៍ថា អាជីវកម្មរបស់ខ្លួននៅទីក្រុងឡូងដ៏មួយនេះ ទទួលបានប្រាក់ចំណូលសរុបត្រឹម ១០លានផោនប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ ទទួលរងនូវការខាតបង់ដល់ទៅ ៥,៥លានផោន បើធៀបទៅនឹងប្រាក់ចំណេញដែលទទួលបាន ១,៧លានផោន នៅក្នុងឆ្នាំ២០២៣។
យ៉ាងណាមិញ ជុំវិញការខាតបង់ដ៏ធំនេះ បានកើតឡើងដោយសរតែ ការចំណាយដ៏ច្រើនរហូតដល់ទៅ ៦,៦លានផោន ពាក់ព័ន្ធទៅនឹងការបិទហាងជាបន្តបន្ទាប់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួន។
ជម្រាបជូនថា នៅក្នុងពេលចុងក្រោយនេះ ដោយសារតែទប់ទល់ទៅនឹងការចំណាយលែងជាប់ Salt Bae បានសម្រេចចិត្តបិទហាងជាច្រើនរបស់ខ្លួននៅអាមេរិក ក្នុងនោះរួមទាំងហាងទីក្រុង Dallas , Las Vegas , Boston , New York និង Beverly Hills ជាដើម៕

