ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងការដាក់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ដែលជាផែនការមួយឆ្លើយតបទៅនឹងការទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា លោក ត្រាំ តែងតែបានប្រើប្រាស់យន្តហោះ Boeing នៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់លោក ក្នុងការកែប្រែពាណិជ្ជកម្មពិភពលោកឡើងវិញ ចាប់តាំងពីចូលកាន់តំណែង នៅក្នុងខែមករាមក។
យ៉ាងណាមិញ ដោយនិយាយប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ត្រាំបាននិយាយថា ៖”យើងមានរបស់សំខាន់ៗជាច្រើន រួមទាំងយន្តហោះដែលជារឿងសំខាន់បំផុត។ ពួកគេ (ចិន) មានយន្តហោះ Boeing ជាច្រើន ហើយពួកគេច្បាស់ជាត្រូវការគ្រឿងបន្លាស់ និងផ្នែកជាច្រើននៃយន្តហោះទាំងនោះផងដែរ”។
ជម្រាបជូនថា ជុំវិញការគំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើង ចំពេលមានរបាយការណ៍ កាលពីខែសីហាថា ក្រុមហ៊ុន Boeing កំពុងពិចារណាលក់យន្តហោះចំនួន ៥០០ គ្រឿង ទៅឲ្យប្រទេសចិន ដែលជាផ្នែកមួយនៃកិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសមហាសអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ៕

