ទីបំផុត ជប៉ុនមាននាយករដ្ឋមន្ត្រីស្រ្តីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

សភាតំណាងរាស្រ្តជប៉ុន បានសម្រេចតែងតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មី ដែលនេះជាលើកដំបូងបំផុតហើយនៅក្នុងប្រវត្តិសាស្រ្តដែលស្រ្តីត្រូវបានជ្រើសរើសជាមេដឹកនាំរដ្ឋាភិបាលសម្រាប់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបោះឆ្នោតជុំទីមួយក្នុងសភាតំណាងរាស្រ្តជប៉ុន នៅថ្ងៃទី២១ ខែតុលានេះ លោកស្រី Sanae Takaichi វ័យ ៦៤ឆ្នាំ បានឈ្នះរហូតដល់ទៅ ២៣៧ សំឡេង ធៀបទៅនឹងគូប្រជែងគឺលោក Yoshihiko Noda មេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលទទួលបានត្រឹម ១៤៩ សំឡេង។

ជុំវិញលទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យលោកស្រី Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ុន ដោយមិនចាំបាច់មានការបោះឆ្នោតសម្រាប់ជុំទីពីរទៀតនោះនោះឡើយ។ ហើយលោកស្រី នឹងត្រូវស្បថចូលកាន់តំណេងជានាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការ បន្ទាប់ពីជួបព្រះចៅអធិរាជ នៅរសៀលថ្ងៃទី២១ នេះ។

គួរឲ្យដឹងផងដែរថា លោកស្រី Takaichi ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កាលពីដើមខែនេះ បានផ្តួលបេក្ខជនប្រុសៗចំនួនបួននាក់ ដើម្បីក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។

យ៉ាងណាមិញ បើតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថាបក្ស LDP បានជ្រើសរើសលោកស្រី Takaichi ជាមេដឹកនាំប្រទេស ដើម្បីស្តារទំនុកចិត្តពីសាធារណជន ដែលខឹងសម្បារចំពោះការកើនឡើងតម្លៃ និងត្រូវបានគ្របដណ្ដប់ដោយគណបក្សប្រឆាំងជាមួយនឹងការសន្យានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើជនបរទេស៕