ទីបំផុត សេតវិមាន កំណត់ពេលវេលាជាក់លាក់នៃការជួបគ្នារវាងលោក ត្រាំ និងលោក ស៊ី

អន្តរជាតិ

សេតវិមាន បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី៣០ ខែតុលា ពោលគឺនៅខាងក្រៅកិច្ចប្រជុំកំពូល APEC ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅថ្ងៃទី២៣ ខែតុលាថា លោក ត្រាំ នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅយប់នេះ បន្ទាប់មកទៅទស្សនាប្រទេសជប៉ុន ហើយបន្តទៅកូរ៉េខាងត្បូង ដែលជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូល APEC។

លោកស្រី Leavitt បាននិយាយបន្ថែមទៀតថា ៖”លោកប្រធានាធិបតី ត្រាំ នឹងត្រូវមានកិច្ចប្រជុំទ្វេភាគីជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅព្រឹកថ្ងៃទី៣០ ខែតុលា ផងដែរ មុនពេលត្រឡប់មកផ្ទះវិញ”។

យ៉ាងណាក៏ដោយ មន្ត្រីចិនហាក់មិនទាន់បានធ្វើការអត្ថាធិប្បាយជុំវិញព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែប្រសិនបើកើតឡើងពិតមែន នោះវានឹងក្លាយជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំអាមេរិក និងចិន គិតចាប់តាំងពីកិច្ចប្រជុំកំពូល G20 នៅប្រទេសប៉ុន នៅក្នុងឆ្នាំ២០១៩ មក។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ ធ្លាប់បានប្រកាសពីផែនការជួបជាមួយលោក ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល APEC កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែមិនមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានលើកឡើងនោះទេ។ ហើយលទ្ធភាពនៃកិច្ចប្រជុំនេះ ក៏ត្រូវបានសួរដេញដោលផងដែរ បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង៕