ធនាគារកណ្តាលអាមេរិក ព្រមកាត់បន្ថយអត្រាការប្រាក់ ០,២៥% ចំពេលស្ថានភាពសេដ្ឋកិច្ចមិនល្អ

អន្តរជាតិ

ធនាគាកណ្តាលអាមេរិក (Fed) នៅថ្ងៃទី៣០ ខែតុលា​ បានសម្រេចចិត្តទម្លាក់អត្រាការប្រាក់ជាលើកទីពីរ នៅក្នុងឆ្នាំនេះ ចំពេលកំពុងមានហានិភ័យចំពោះទីផ្សារការងារបានកើនឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃកន្លងមក ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ២៥ពិន្ទុ ឬ ០,២៥% ដែលនេះមានន័យថាអត្រាការប្រាក់គោលបច្ចុប្បន្នរបស់ Fed ត្រូវបានទម្លាក់មកនៅត្រឹម ៣,៧៥-៤%។

មិនតែប៉ុណ្ណោះ ធនាគារកណ្តាលអាមេរិក Fed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំរបស់ខ្លួនថា ការសម្រេចចិត្តរបស់ខ្លួនបានធ្វើឡើង បន្ទាប់ពីបានឃើញហានិភ័យចំពោះទីផ្សារការងារបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លើសពីនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក លោក Jerome Powell បាននិយាយថា ៖”ខណៈពេលដែលទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាលមួយចំនួនត្រូវបានពន្យារពេលដោយសារតែរដ្ឋាភិបាលកំពុងបិទដំណើរការ ទិន្នន័យដែលនៅសល់ពីវិស័យសាធារណៈ និងឯកជនបានបង្ហាញថា ទស្សនវិស័យសម្រាប់ការងារ និងអតិផរណាភាគច្រើនមិនមានការផ្លាស់ប្តូរពីកិច្ចប្រជុំក្នុងអំឡុងខែកញ្ញានោះទេ”។

ជម្រាបជូនថា អតិផរណារបស់សហរដ្ឋអាមេរិក មិនបានកើនឡើងយ៉ាងខ្លាំងដូចការរំពឹងទុកដំបូងឡើយ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ មិនបានដាក់ពន្ធគយថ្មីៗបន្ថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ សន្ទស្សន៍តម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) នៅតែកើនឡើងពី ២,៣% ក្នុងខែមេសា ដល់ ២,៧% ក្នុងខែសីហា។ ហើយនៅក្នុងការព្យាករដែលបានចេញផ្សាយក្នុងខែកញ្ញា មន្ត្រីធនាគារកណ្តាលសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថាអតិផរណានឹងឡើងដល់ ៣% នៅចុងឆ្នាំនេះ៕​