ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់សហរដ្ឋអាមេរិក Nvidia បច្ចុប្បន្នបានកើនឡើងតម្លៃទីផ្សារដល់ប្រមាណជិត ៤,៩ទ្រីលានដុល្លារ ហើយរំពឹងថាអាចនឹងក្លាយជាក្រុមហ៊ុនដំបូងគេលើលោក ដែលអាចបន្តឈានដល់កម្រិត ៥ទ្រីលានដុល្លារ នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី២៨ ខែតុលា ភាគហ៊ុមរបស់ក្រុមហ៊ុមន Nvidia បានកើនឡើង ៥% បន្ថែមទៀត ដែលធ្វើឲ្យតម្លៃទីផ្សារមូលធនរបស់ពួកគេ កើនឡើង ២៣០ពាន់លានដុល្លារ និងធ្វើឲ្យចំនួនសរុបហក់ឡើងដល់ ៤,៨៩ទ្រីលានដុល្លារ។
យ៉ាងណាមិញ ជុំវិញការកើនឡើងភាគហ៊ុននេះ បានកើតឡើង បន្ទាប់ពីនាយកប្រតិបត្តិ លោក Jensen Huang បានប្រកាសព័ត៌មានជាបន្តបន្ទាប់នៅក្នុងសន្និសីទមួយនៅទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងការបញ្ជាទិញសម្រាប់បន្ទះឈីប AI ដែលមានតម្លៃ ៥០០ពាន់លានដុល្លារ របស់ Nvidia ។
ជម្រាបជូនថា ក្រុមហ៊ុន Nvidia គឺជាអ្នកទទួលបានផលច្រើនបំផុតពីការរីកចម្រើននៃ AI សកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន និងព្យាយាមចៀងវាងការខូចខាតពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជាង ៥០% ស្របពេលតម្លៃមូលធនទីផ្សាររបស់ខ្លួនបានឈានដល់ ៤ទ្រីលានដុល្លារជាលើកដំបូង នៅក្នុងខែកក្កដា៕

