ទីផ្សារភាគហ៊ុនចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយៈពេល ១០ឆ្នាំចុងក្រោយ

អន្តរជាតិ

ទីផ្សារភាគហ៊ុនរបស់ចិន បានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយ បន្ទាប់ពីមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើការជួញដូរគិតនៅត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា សន្ទស្សន៍ Shanghai Composite នៅលើទីផ្សារភាគហ៊ុនចិន បានកើនឡើង ០,២% ដល់ ៤ ០២៥ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៥ មក។

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ធនាគារ ធានារ៉ាប់រង និងស្រាក៏បានកើនឡើងផងដែរ ស្របពេល សន្ទស្សន៍ហ៊ុន Hang Seng (ហុងកុង) ក៏បានកើនឡើង ០,៦% នៅពេលដែលវាបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃឈប់សម្រាក។

គួរឲ្យដឹងផងដែរថា ទីផ្សារកំពុងកើនឡើងខ្លាំង ខណៈពេលដែលវិនិយោគិនសង្ឃឹមថាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនថយចុះ បន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង។ នេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំនយោបាយដ៏សំខាន់បំផុតនៅឆ្នាំនេះ ដោយសារមេដឹកនាំទាំងពីរមិនបានអង្គុយទល់មុខគ្នាសោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៩ មក។

ជម្រាបជូនផងដែរថា សន្ទស្សន៍ Shanghai Composite ក្នុងទីផ្សារភាគហ៊ុនចិន បានកើនឡើងជិត ២០% នៅឆ្នាំនេះ ខណៈដែលសន្ទស្សន៍ Hang Seng បានកើនឡើងជាង ៣០% ដែលស្ថិតនក្នុងចំណោមទីផ្សារហ៊ុនដ៏ល្អបំផុតរបស់ពិភពលោក៕